អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
January 19, 2023 អ្នកទស្សនា :

កណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុក ទាំង១១ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគ្នាបានយ៉ាងល្អប្រសើរ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល គ្រប់លំដាប់ថ្នាក់ ក្នុងការរក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ពិសេសការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង ដែលកើតមាននៅក្នុងខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្ត បន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខេត្តកណ្ដាល បានទទួលរងឥទ្ធិពលទឹកហូរចេញពីខេត្តកំពង់ស្ពឺ និងការបើកទ្វារទឹកបង្ហូរចូលតាមដងស្ទឹងព្រែកត្នោត ដែលបង្កមកពីភ្លៀងបានធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា ធ្វើឱ្យស្ថានភាពទឹក ស្ថិតនៅភូមិសាស្ត្រខេត្តកណ្ដាល មានការកើនឡើងខ្លាំង បណ្ដាលឱ្យក្រុង-ស្រុកចំនួន៤ រួមមាន៖ ក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល និងស្រុកពញាឮ ទទួលរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ និងផលដំណាំផ្សេងៗទៀត។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ទាំងអស់ត្រូវយកចិត្តទុកដាក់ ពន្លឿនការងារធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ ពិសេសអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងអនុវត្តនូវផែនការសកម្មភាពការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀតធ្វើយ៉ាងណាដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរឡើងបន្ថែមទៀត។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ បង្ក្រាបឱ្យបាននូវបទល្មើសនានា ដោយមិនឱ្យមានបទល្មើស ដូចជា៖ ចោរកម្ម គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងមូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ