រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំ និងជម្រុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តសៀមរាប
January 19, 2023 អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំ និងជម្រុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៉ាត សុខ ទីប្រឹក្សាក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ឯកឧត្តម សុខ ធី ប្រធាននាយកដ្ឋានសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរង ក្រុង/ស្រុក ប្រធានមន្ទីរពាក់ព័ន្ធ និងចៅសង្កាត់ទាំងអស់ផងដែរ។

កិច្ចប្រជុំផ្សព្វផ្សាយណែនាំនេះដែរ គឺធ្វើឡើងដើម្បីពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ ដែលនៅសេសសល់ឱ្យបានឆាប់ និងមានប្រសិទ្ធភាព។ ក្នុងកិច្ចប្រជុំនេះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងមុខងារជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ សូមស្នើសុំកិច្ចសហការជំរុញពីអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ លើកិច្ចការពាក់ព័ន្ធនឹងការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋមានដូចជា៖ ទី១. រួសរាន់ដាក់ពាក្យស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ ដោយទំនាក់ទំនងផ្ទាល់ទៅកាន់មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីរាជធានី-ខេត្ត ឬអាចទំនាក់ទំនងមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត និងគណៈកម្មការអន្តរក្រសួង ដើម្បីជួយសម្របសម្រួលជូន (ដូចមានបញ្ជីឈ្មោះ និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងភ្ជាប់ជាមួយ) យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ទី២. ទីតាំងដីរដ្ឋដែលមានទំនាស់ស្មុគស្មាញត្រូវទុកដោះស្រាយឱ្យបានរួចរាល់ ជាស្ថាពរសិនទើបអាចស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ។ ទី៣. សូមពិនិត្យមើលតួរលេខទីតាំងដីរដ្ឋ របស់សាមីអាជ្ញាធរកាន់កាប់ ដែលបានធ្វើប័ណ្ណកម្មសិទ្ធិរួច និងពុំទាន់បានធ្វើ (ដូចមានតារាងស្ថិតិបច្ចុប្បន្នភាពបណ្ដោះអាសន្នភ្ជាប់ជាមួយ) ដើម្បីរៀបចំធ្វើប័ណ្ណកម្មសិទ្ធិលើទីតាំងដែលនៅសល់។ ទី៤. ទីតាំងដីរដ្ឋដែលបានធ្វើប័ណ្ណកម្មសិទ្ធិរួច និងមិនទាន់បានធ្វើប័ណ្ណកម្មសិទ្ធិ ដែលមិនទាន់បានចុះក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវចុះបញ្ជីឱ្យបានត្រឹមត្រូវស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីជាធរមានដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ករណីដែលមិនបានចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ គឺជាការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានរបស់អាជ្ញាធរកាន់កាប់សាមី។ 

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានសម្រេចលើកលែងការយកកម្រៃសេវាសាធារណៈចំពោះការចុះបញ្ជីដីលើកដំបូង លើដីសាធារណៈរបស់រដ្ឋ ដីឯកជនរបស់រដ្ឋ ដីគ្រឹះស្ថានសាធារណៈរដ្ឋបាល និងគរុភណ្ឌជាដីវត្ត។ ទន្ទឹមនេះ គណៈកម្មាធិការអន្តរក្រសួង និងក្រុមការងារមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នឹងចុះត្រួតពិនិត្យ ព្រមទាំងជម្រុញកិច្ចការខាងលើរហូតដល់ចប់៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ