អភិបាលខេត្តកណ្តាល អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកស្អាង
January 18, 2023 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​​ នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិព្រែកតាឡៃ និងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការនេះកន្លងមក ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្ត ឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្តម បន្តថា មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ដល់ប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាពស្មុកស្មាញជូនប្រជាពលរដ្ឋឡើយ។

ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ដែលបានយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ចូលរួមសហការគ្នាជាមួយមន្ត្រីចុះបញ្ជី អនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ក៏ដូចជា ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានខិតខំពុះពាររាល់ការលំបាក រហូតឈានដល់ការចែកបណ្ណជូនប្រជាជនរដ្ឋនាពេលនេះ។

ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើប្រជាពលរដ្ឋ សូមថែរក្សាបណ្ណនេះឱ្យបានល្អ និងថែរក្សាដីនេះ ទុកសម្រាប់បង្កបង្កើនផល និងទុកឱ្យកូនចៅរបស់យើង។

ថ្លែងក្នុងពិធីនេះ លោក សុខ កាន់រិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្ត បានធ្វើការចែកបណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៨៣លើក ស្មើនឹង២៥៩,៨៧៩បណ្ណ ហើយការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនប្រជាពលរដ្ឋមកពីក្នុងភូមិព្រែកតាឡៃ និងភូមិព្រែកអំបិល ស្រុកស្អាង សរុបចំនួន ១,៦៦៨បណ្ណ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ