រដ្ឋបាលខេត្តកោះកុង រៀបចំពិធីសម្ពោធទីលានផ្នូរយុទ្ធជនខេត្តកោះកុង
January 18, 2023 អ្នកទស្សនា :

នាថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីសម្ពោធទីលានផ្នូរយុទ្ធជនខេត្តកោះកុង ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា អភិបាលខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្តផងដែរ។

ក្នុងឱកាសនោះលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានធ្វើសេចក្តីរាយការណ៍លើកឡើងថា ទីលានផ្នូរយុទ្ធជនខេត្តកោះកុង នេះបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជួសជុលកាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២១។ ដែលលោកជំទាវ បានបន្តថា កន្លងមកទីកន្លែងនេះ មានព្រៃ និងស្មៅដុះជុំជិត និងត្រូវបានគេហៅថា "កន្លែងសពយុទ្ធជន” ដែលបានបញ្ចុះសព និងអដ្ឋិធាតុយុទ្ធជនចំនួន ៤៤៧សព ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងភ្លើងសង្គ្រាមក្នុងរបបខ្មែរក្រហម ប៉ុន្តែក្រោមការផ្ដួចផ្ដើម របស់សម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកោះកុង សម្រាប់ទីធ្លានេះត្រូវបានសាងសង់ ដោយក្រុមការងារគណៈកម្មការសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជន ដឹកនាំដោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកោះកុង សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានសាងសង់ទីលានផ្នូរយុទ្ធជននេះរួចរាល់ជាស្ថាបពរ ដោយបានចំណាយទឹកប្រាក់ចំនួន ១៧៣,៣២៧,០០០រៀល (មួយរយចិតសិបបីលាន បីរយម្ភៃប្រាំពីរពាន់រៀល)។

លោកជំទាវ បន្ថែមថា បច្ចុប្បន្នទីធ្លានេះនឹងក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដែលមានទេសភាពស្រស់បំព្រង មានអនាម័យល្អ និងជាទីកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកំសាន្ត និងហាត់ប្រាណផងដែរ។ ក្នុងនាមលោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងតំណាងឱ្យប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុងទាំងអស់ ព្រមទាំងរូបលោកជំទាវផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានផ្តួចផ្តើមកសាងទីធ្លានេះឡើងក្នុងស្មារតី កត្តញ្ញូ សុខដុម ការចូលរួម និងការចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានធ្វើពលីកម្មប្រកបដោយវីរៈភាព អង់អាច ក្លាហានក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជាឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងភូមិសាសន៍ខេត្តកោះកុង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះក្រុមការងារគណៈកម្មការសាងសង់ជួសជុល ទីលានផ្នូរយុទ្ធជន ព្រមទាំងសប្បុរសជនគ្រប់រូបដែលបានខិតខំចូលរួមចំណែកក្នុងការកសាង និងឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីកសាងទីលានផ្នូរយុទ្ធជននេះ បានសម្រេចប្រកបដោយជោគជ័យ ហើយនេះជាសមិទ្ធផលដ៏មានតម្លៃថ្លៃថ្លា និងជាកត្តិយសមុខមាត់ខេត្តកោះកុងបន្ថែមទៀត ដែលថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋទាំងអស់មានការអបអរសាទរនូវសមិទ្ធផលនេះយ៉ាងខ្លាំងក្លាជាទីបំផុត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ