ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចែកអំណោយដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៧៧គ្រួសារ ក្នុងក្រុងតាខ្មៅ
January 18, 2023 អ្នកទស្សនា :

ខេត្តកណ្តាល៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសហការី និងមន្ត្រីរាជការ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចែកអំណោយដល់គ្រួសាររងគ្រោះដោយការបាក់ស្រុតដីតាមសណ្ដព្រែក ដោយជំនន់ទឹកភ្លៀងចំនួន ៧៧គ្រួសារ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ ជាពិសេស ឯកឧត្តម ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តម អភិបាលខេត្ត បានរៀបរាប់ថា ជំនន់ទឹកភ្លៀងនេះបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ដែលបានរងការវាយប្រហារដល់ក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ កន្លងមក ដែលបណ្តាលឱ្យអាងស្តុកទឹកមួយចំនួន មានទឹកកើនឡើងទើបបណ្ដាលឱ្យអាងស្តុកទឹកស្វយ័តអន្លង់ជ្រៃ នៃស្រុកថ្ពង ទឹកឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន ទើបមន្ទីរជំនាញរួមជាមួយអាជ្ញាធរបង្ខំចិត្តបើកទ្វារទឹកទាំង៥ ដើម្បីរំដោះទឹកបញ្ជៀសពីការហូរច្រោះធ្វើឱ្យបាក់ទំនប់ ជាយថាហេតុ ទើបធ្វើឱ្យភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល រងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ។

ឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹង ឬព្រែក សូមមានការប្រុងប្រយ័ត្នខ្ពស់ជាមួយសត្វអសិរពិសនានា ពិសេសចាស់ជរា កុមារតូចៗ មិនត្រូវឱ្យពួកគាត់នៅក្បែរមាត់ទឹក ឬលេងទឹកឡើយ ដែលអាចបង្កឱ្យកើតមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដែលចែកជូនគ្រួសាររងគ្រោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ត្រីខ ២យួរ, ទឹកសុទ្ធ ១កេស, ម៉ាស ១ដុំ, អាវរងា, កៅស៊ូតង់ចំនួន១ និងថវិកាមួយចំនួនទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ