អភិបាលរាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតក្នុងខណ្ឌដង្កោ
January 17, 2023 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ​ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋជាង ២០០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ ស្ថិតនៅក្នុងបរិវេណវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា អំណោយដែលបានប្រគល់ជូននាពេលនេះ គឺជាទឹកចិត្តរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកជួយសម្រាលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសនេះជាការផ្តល់អាហារទាន់ពេលវេលា ដែលសម្ដេចតេជោ តែងតែណែនាំទៅដល់គ្រប់អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាក្រសួង មន្ទីពាក់ព័ន្ធគឺត្រូវអនុវត្តន៍ឱ្យបាន ទីណាមានទុក្ខលំបាក ទីនោះមានសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទីណាមានប្រជាពលរដ្ឋខ្វះស្បៀងអាហារ អាជ្ញាធរត្រូវផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ គឺត្រូវគាំពារ និងការពារទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម បញ្ជាក់ថា សម្តេចតេជោ តែងផ្តាំថា ទោះជាមានឧបសគ្គ ឬឧបទ្ទវហេតុអ្វីកើតឡើងក៏ដោយត្រូវការពារអាយុជីវិតប្រជាពលរដ្ឋឱ្យខានតែបាន បន្ទាប់ពីនេះ ត្រូវផ្តល់ស្បៀងអាហារឱ្យបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋ ដើម្បីការពារដល់អាយុជីវិតប្រជាពលរដ្ឋបន្តទៅទៀត នេះជាកិច្ចការងារទីមួយរបស់អាជ្ញាធរដែនដី ដែលត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ដូច្នេះគោលការណ៍នេះ ក្នុងនាម ឯកឧត្តម ជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ដែលនេះហើយគឺជាសិទ្ធសេរីភាពរបស់បងប្អូនប្រជាពលរដ្ឋ សិទ្ធិរស់រានមានជីវិត ហើយបងប្អូនមានសិទ្ធិសម្ដែងមតិ និងមានសិទ្ធិធ្វើកិច្ចការអ្វីៗសព្វបែបយ៉ាងបន្តទៅទៀត។

ឯកឧត្ដម ក៏បានមានប្រសាសន៍ណែនាំ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត អាចទៅមន្ទីរបក្ស សង្កាត់ ខណ្ឌ ឬរាជធានីភ្នំពេញ ដោយកន្លែងទាំងនេះមានស្បៀងបម្រុងទុក សម្រាប់ជួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយមិនទុកនរណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។

ក្នុងនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្តរស្ទឹងព្រែកត្នោតថា បើទោះបីទឹកស្រកហើយក៏ដោយ ក៏ត្រូវបង្កើនការថែរក្សាអនាម័យសុខភាព និងការពារសុវត្ថិភាពរបស់ក្រុមគ្រួសារឱ្យបានខ្ជាប់ខ្ជួន ដោយកុំឱ្យក្មេងតូចៗលេងទឹកដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។

សូមបញ្ជាក់ថា ទឹកស្ទឹងព្រែកត្នោតបានចាប់ផ្ដើមឡើងខ្លាំង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំង និងហៀរចូលលិចលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង ហើយបានស្រកលឿនទៅវិញជាបណ្តើរៗ៕

ប្រភព៖​ រដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ