ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចែកអំណោយដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២៧គ្រួសារ ក្នុងក្រុងតាខ្មៅ
January 17, 2023 អ្នកទស្សនា :

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងជាតំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចែកអំណោយដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២៧គ្រួសារ ស្ថិតក្នុងភូមិព្រែកសំរោង និងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ដែលបានរងការវាយប្រហារដល់ក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ កន្លងមក ដែលបណ្តាលឱ្យអាងស្តុកទឹកមួយចំនួន មានទឹកកើនឡើងទើបបណ្ដាលឱ្យអាងស្តុកទឹកស្វយ័តអន្លង់ជ្រៃ នៃស្រុកថ្ពង ទឹកឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន ទើបមន្ទីរជំនាញរួមជាមួយអាជ្ញាធរបង្ខំចិត្តបើកទ្វារទឹកទាំង៥ ដើម្បីរំដោះទឹកបញ្ជៀសពីការហូរច្រោះធ្វើឱ្យបាក់ទំនប់ ជាយថាហេតុ ទើបធ្វើឱ្យភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល រងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ។

ឯកឧត្តម អភិបាលរងខេត្ត បន្ដថា ក្នុងនាម ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្ដីនឹករលឹក និងអាណិតអាសូរពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេ តែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ឬស្លាប់បាត់បង់ជីវិតដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានឡើយ ពិសេសពាក់ព័ន្ធបញ្ហាគ្រោះមហន្តរាយ ដោយជំនន់ទឹកភ្លៀងនៅពេលនេះផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹង ឬព្រែក សូមមានការប្រុងប្រយ័ត្នខ្ពស់ជាមួយសត្វអសិរពិសនានា ពិសេសចាស់ជរា កុមារតូចៗ មិនត្រូវឱ្យពួកគាត់នៅក្បែរមួយទឹក ឬលេងទឹកឡើយ ដែលអាចបង្កឱ្យកើតមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។

គួរបញ្ជាក់ថា ក្រុងតាខ្មៅ ខេត្តកណ្តាល ទទួលរងការប៉ះពាល់ចំនួនពីរសង្កាត់ រួមមាន៖ សង្កាត់ព្រែកឫស្សី និងសង្កាត់រកាខ្ពស់ ធ្វើឱ្យគ្រួសារជាង៨០ ទទួលរងការខូចខាតផ្ទះសំបែងមួយចំនួន និងធ្វើឱ្យបាក់ស្ពានឈើមួយកន្លែង ស្ថិតក្នុងភូមិបត់តាជី ក្រុងតាខ្មៅ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ