ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់មេដាយអន្តរជាតិ លិខិតសរសើរ វិញ្ញាបនបត្រ សញ្ញាបត្រជាតិ និងអន្តរជាតិ របស់សាលាអប់រំសិស្សឆ្នើមកម្ពុជា
January 16, 2023 អ្នកទស្សនា :

នាថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់មេដាយអន្តរជាតិ លិខិតសរសើរ វិញ្ញាបនបត្រ សញ្ញាបត្រជាតិ និងអន្តរជាតិ របស់សាលាអប់រំសិស្សឆ្នើមកម្ពុជា។

លោកស្រី អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នងនាមលោកស្រី តំណាងលោកជំទាវ អភិបាលខេត្ត និងក្នុងនាមលោកស្រីផ្ទាល់ សូមសម្តែងនូវការអបអរសាទរ និងចូលរួមរីករាយ ជាមួយប្រធានក្រុមប្រឹក្សាភិបាល លោកស្ថាបនិក នាយិកា និងគណៈគ្រប់គ្រងសាលា មាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះ។  

លោកស្រី បានយកឱកាសនេះ សំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិករបស់សាលាទាំងអស់ ដែលខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត នាំមកនូវការអប់រំដែលមានលក្ខណៈជាតិ និងអន្តរជាតិ ដែលផ្តល់ឱ្យសិស្សានុសិស្សបានក្រេបជញ្ជក់នូវចំណេះដឹងថ្មីៗនិងទាន់សម័យ ដែលអាចឱ្យសិស្សមានឱកាសចូលរួមប្រឡងកម្រិតអន្តរជាតិនានា នៅក្រៅប្រទេសជាមួយសិស្សផ្សេងៗ ក្នុងពិភពលោក។ នេះជាការជួយជ្រោមជ្រែងក្នុងបុព្វហេតុរួមចំណែកកសាង និងអភិវឌ្បន៍វិស័យអប់រំនៅកម្ពុជា ដើម្បីត្រៀមធនធានមនុស្សយើងឱ្យទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ត្រឹមឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។  

លោកស្រី បានបន្ថែមថា ក្នុងសម័យអប់រំឌីជីថលនេះ សិស្សានុសិស្ស យើងត្រូវការការអប់រំដែលអាចបណ្តុះបណ្តាលគាត់ឱ្យបានក្លាយជាពលរដ្ឋដែលមានគុណភាព និងមានលក្ខណៈសម្បត្តិពេញលេញ និងរីកចម្រើនគ្រប់ផ្នែកដូចជា៖ វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា មនសិការសេ្នហាជាតិ មនុស្សជាតិ ការអភិវឌ្ឍជាតិ និងការធ្វើសមាហរណកម្មកម្ពុជា នៅក្នុងតំបន់និងពិភពលោក ដែលជាចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាការជួយឱ្យសិស្សានុសិស្សអាចរស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ក្នុងយុគសម័យប្រទេស និងទីក្រុងឆ្លាតវៃនាពេលឆាប់ៗខាងមុខនេះ។

លោកស្រី បន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យគួរអោយកត់សំគាល់ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្ត ក៏ដូចជាកំណើនជីវភាព សុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ ដោយអនុវត្តតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភាពដែលចាត់ទុកវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សជាអទិភាពទី១ និងដើម្បីប្តេជ្ញាសម្រេចអោយបាននូវមុំទី១គឺ “ពង្រឹងគុណភាពអប់រំ វិទ្យាសាស្រ្ត និងបច្ចេកទេស” ដើម្បីអោយកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងអន្តរជាតិលើកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ដោយអនុវត្តតាមខ្លឹមសារនេះ រដ្ឋបាលខេត្តកោះកុង បានប្រឹងប្រែង និងពុះពារអភិវឌ្ឍន៍ខេត្ត ធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ចូលរួមយ៉ាងសកម្មក្នុងការជំរុញឱ្យមានការផ្តល់សេវាសុខភាពទូទាំងខេត្តឱ្យបានល្អ ពិសេសក្នុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយចូលរួមជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញដើម្បីជួយប្រជាកសិករក្នុងការផលិត និងរកទីផ្សារផលិតផលកសិកម្ម បង្កើតបរិយាកាសល្អៗសម្រាប់សហគ្រាសធនតូច និងមធ្យមក្នុងប្រតិបត្តិការរបស់ខ្លួនផ្សេងៗ ជាពិសេសយើងបានផ្តល់នូវឱកាសល្អ និងគ្រប់គ្រាន់ដើម្បីឱ្យវិស័យអប់រំដែលជាអទិភាពទី១ នៃការអភិវឌ្ឍធនធានមនុស្ស មានការរីកចំម្រើនក្នុងខេត្តកោះកុង ដោយបានធ្វើការយ៉ាងស្និទ្ធស្នាលជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីឱ្យសិស្សានុសិស្សបានការអប់រំមួយដ៏ល្អ ដើម្បីសម្រេចបាននូវមុំទី១គឺ “ការពង្រឹងគុណភាព វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា”។ 

លោកស្រី បានថ្លែងថា ថ្ងៃនេះ លោកស្រីពិតជាមានសេចក្តីរីករាយ និងសូមគាំទ្រចំពោះការប្រគល់មេដាយអន្តរជាតិ លិខិតសរសើរ វិញ្ញាបនបត្រ សញ្ញាបត្រជាតិ និងអន្តរជាតិ របស់សាលាអប់រំសិស្សឆ្នើមកម្ពុជា ក្នុងខេត្តកោះកុង។ លោកស្រី បន្ថែមថា តាមរយៈរបាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាភិបាល ស្ថាបនិក និងនាយិការបស់សាលា សាលាអប់រំសិស្សឆ្នើមកម្ពុជា បានប្រឹងប្រែងអភិវឌ្ឍន៍កម្មវិធីសិក្សា និងពង្រឹងគុណភាពសិក្សាឱ្យដើរទាន់ប្រទេសជឿនលឿនក្នុងពិភពលោក និងបានប្រឹងប្រែងដើម្បីឱ្យសិស្សបានចូលរួមប្រឡងថ្នាក់អន្តរជាតិជាច្រើនទាំងក្នុង និងក្រៅប្រទេស។

ក្នុងន័យនេះ លោកស្រី ជឿជាក់ថាសាលានឹងបានដើរតួនាទីសំខាន់មួយទៀត ក្នុងការរួមចំណែកក្នុងវិស័យអប់រំក្នុងខេត្តកោះកុង ដើម្បីឱ្យសិស្សានុសិស្សខេត្តកោះកុង មានឱកាសរៀនសូត្រចំណេះដឹងថ្មីៗទាន់សម័យ និងចូលរួមប្រកួតប្រជែងជាមួយសិស្សនៅក្រៅប្រទេស ដែលអាចក្លាយជាធនធានសកម្មក្នុងសេដ្ឋកិច្ច ដើម្បីមកជួយដឹកនាំអភិវឌ្ឍន៍ខេត្តកោះកុង នាពេលអនាគត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ