រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងផែនការការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
January 14, 2023 អ្នកទស្សនា :

នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងផែនការការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខាសរុបជាង ២០រូប ទៀតផងដែរ។

ខ្លឹមសារនៃកិច្ចប្រជុំនេះ បានផ្ដោតសំខាន់ទៅលើរបៀបវរៈមួយចំនួនក្នុងការឆ្លង និងអនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ និងការអនុម័តរបាយការណ៍ថវិកាឆ្នាំ២០២២ និងផែនការថវិកាឆ្នាំ២០២៣ ព្រមទាំងត្រៀមប្រារព្ធខួបលើកទី១៦០ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅខេត្តសៀមរាប។ លោក ស៊ុ សំអន នាយកសាខា បានអាននូវរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ដើម្បីដាក់ឆ្លងនិងអនុម័តរួចមក លោក ចយ សឿត បានធ្វើបទបង្ហាញអំពីរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២២ និងផែនការថវិកាឆ្នាំ២០២៣ ដើម្បីដាក់ឆ្លង និងអនុម័តផងដែរ។ បន្ទាប់ពីអនុម័តលើរបាយការណ៍ទាំងពីរមក អង្គប្រជុំបានពិភាក្សាលើការត្រៀមប្រារព្ធខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅខេត្តសៀមរាប។

ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខា ក៏បានធ្វើការវាយតម្លៃខ្ពស់ទៅលើលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២២ និងការដាក់ទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៣ របស់គណៈកម្មាធិការសាខា ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗមួយចំនួន ដើមី្បគៀងគរមូលនិធិពីសប្បុរសជន ក្នុងការទ្រទ្រង់ចលនាមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។

ឯកឧត្តម ទៀ សីហា បានថ្លែងថា ក្នុងតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌ ត្រូវបន្តខិតខំពង្រីកសកម្មភាព នៃចលនាកាកបាទក្រហម សំដៅជួយសង្គ្រោះជនរងគ្រោះ និងងាយរងគ្រោះបំផុត។ ឯកឧត្តម ក៏បានលើកបន្ថែមផងដែរ ពីផែនការសកម្មភាព និងផែនការថវិកា ត្រូវគិតគូរឱ្យបានហ្មត់ចត់ ដោយផ្អែកលើការអនុវត្តតាមបណ្ដាឆ្នាំកន្លងមក និងត្រូវគិតពីស្ថានភាព ក៏ដូចជាភូមិសាស្ត្រខេត្តដែរ។ ម៉្យាងទៀត រាល់ថវិកាដែលទទួលបានពីសប្បុរសជននានា ក៏ត្រូវយកទៅធ្វើឱ្យចំគោលដៅ នៃចលនាមនុស្សធម៌ និងទាន់ពេលវេលា ដើមី្បឱ្យម្ចាស់សប្បុរសជន មានទឹកចិត្តចូលរួមក្នុងការឧបត្ថម្ភដល់ចលនាកាកបាទក្រហមកម្ពុជា នៅខេត្តសៀមរាប។

ឯកឧត្តម ក៏បានជំរុញដល់សាខា ក៏ដូចជាអនុសាខា ក្រុង ស្រុក ធ្វើសកម្មភាពផ្សព្វផ្សាយបន្តដល់មូលដ្ឋានជំរុញប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងនូវដូសបន្តបន្ទាប់ ព្រមទាំងបន្តអនុវត្តន៍នូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឱ្យបានជាប្រចាំ ទោះបីបងប្អូនចាក់វ៉ាក់សាំងគ្រប់ដូសហើយក្តី និង បន្តផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ជើងគោក នៅគ្រប់គ្រឹះស្ថានសិក្សាតាមរយៈយុវជនកាកបាទក្រហមកម្ពុជា ក៏ដូចជានៅតាមមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានលើកផែនការយកយុទ្ធសាស្ត្រឆ្នាំ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ជាគោលដោយផ្ដោតលើវិស័យអាទិភាពចំនួន ៤គឺ៖ ទី១. វិស័យអាទិភាពការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ,ទី២. វិស័យអាទិភាពសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍,ទី៣. វិស័យអាទិភាពលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងទី៤. វិស័យអាទិភាពអភិវឌ្ឍន៍ស្ថាប័ន និងធនធាន៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ