ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
January 12, 2023 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ទីរវិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្រោយពេលអនុវត្តយុទ្ធសាស្ត្រថ្មីក្នុងការប្រមូលសំរាមក្នុងក្រុងកំពង់ចាម អស់រយៈពេលជាង ១០ថ្ងៃ កន្លងមកនេះ ឃើញថា ទាក់ទងទៅនឹងការប្រមូលថ្លៃសេវា ក្រុមការងារជួបបញ្ហាខ្លះៗ ចំពោះផ្ទះដែលធ្វើអាជីវកម្ម ដោយឡែកចំពោះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ មិនមានបញ្ហានោះទេ។ ឯកឧត្តម បានបន្តឱ្យដឹងទៀតថា ក្នុងដំណើរការសាកល្បង រយៈពេល ៦ខែ នៃការអនុវត្តគោលការណ៍ថ្មី ដើម្បីការងារប្រមូលសំរាម របស់ក្រុមហ៊ុនស៊ិនទ្រី ក្នុងក្រុងកំពង់ចាម មកដល់ពេលនេះគឺរយ:ពេលជាង ១០ ហើយ ឃើញថាក្រុមការងារ បានជួបបញ្ហាខ្លះៗទាក់ទងការប្រមូលថ្លៃសេវាជាមួយផ្ទះប្រជាពលរដ្ឋ ដែលធ្វើអាជីវកម្ម ដូចជា ផ្ទះបើកអាហារដ្ឋាន ភោជនីយដ្ឋាន និងឃ្លាំង ក្រុមហ៊ុន ធនាគារជាដើម។ 

ឯកឧត្តម អភិបាលខេត្ត បានបន្តថា យុទ្ធសាស្ត្រថ្មីនេះ គឺតម្រូវឱ្យក្រុមហ៊ុនសិនទ្រី ប្រមូលសំរាមក្នុងក្រុងកំពង់ចាម យកមកថ្លឹងគីឡូគិតលុយពីរដ្ឋបាលក្រុងកំពង់ចាម ដោយ ១តោន តម្លៃ ១៧ដុល្លារអាមេរិក។ ហើយមានក្រុមហ៊ុនមួយទៀត ជាអ្នកប្រមូលថ្លៃសេវាពីប្រជាពលរដ្ឋ ប្រគល់ថវិកាឱ្យរដ្ឋបាលក្រុងកំពង់ចាម សម្រាប់ទូទាត់ជាមួយក្រុមហ៊ុនស៊ិនទ្រី ដោយអនុវត្តទៅតាមតារាងកំណត់តម្លៃរបស់ក្រសួងបរិស្ថាន។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ក្នុងការអនុវត្តគោលការណ៍ថ្មីនេះ អាជ្ញាធរខេត្ត បានមើលឃើញនូវបញ្ហាជាមួយផ្ទះប្រជាពលរដ្ឋដែលប្រកបមុខរបរធ្វើអាជីវកម្ម និងបានធ្វើការដោះស្រាយទាំងនោះជាបណ្ដើរៗហើយផងដែរ។ ជាមួយគ្នានេះ រដ្ឋបាលក្រុងកំពង់ចាម ក៏បានបើកទូលាយដល់ប្រជាពលរដ្ឋ បើពិនិត្យឃើញថាផ្ទះរបស់ខ្លួនត្រូវបង់ថ្លៃសេវាមានកម្រិតខ្ពស់ សូមមកពិភាក្សា ដើម្បីដោះស្រាយនៅសាលាក្រុងកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការងារប្រមូលសំរាមនេះ ត្រូវបានបែងចែកក្រុមការងារជា ៣ក្រុម ដោយក្នុងនោះ ក្រុមទី១ ៖ គឺក្រុមការងារតាមដាន និងត្រួតពិនិត្យការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី។ ក្រុមទី២ ៖ គឺក្រុមការងារគ្រប់គ្រង និងប្រមូលចំណូល ដើម្បីទូទាត់ថ្លៃសំរាមឱ្យទៅក្រុមហ៊ុនស៊ិនទ្រីក្នុង ១តោន តម្លៃ ១៧ដុល្លារអាមេរិក។ ក្រុមទី៣ ៖ គឺក្រុមការងារដោះស្រាយវិវាទ និងសំណូមពររបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធទៅនឹងការអនុវត្តគោលការណ៍ថ្មី ក្នុងការប្រមូលសម្រាមក្នុងក្រុងកំពង់ចាមនេះផងដែរ តាមការស្ទង់មតិរបស់ប្រជាពលរដ្ឋ គឺពួកគាត់មានការសាទរចំពោះយុទ្ធសាស្ត្រនេះ ដោយហេតុថា មួយរយៈនេះ ឃើញថាក្រុមហ៊ុនស៊ិនទ្រី ធ្វើការប្រមូលសំរាមបានឆាប់រហ័ស ដោយមិនមានសំរាមសល់ទុកយូរស្អុយរលួយតាមមុខផ្ទះដូចពីមុនទៀតទេ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ