រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីផ្ទេរភារកិច្ច និងប្រកាសតែងតាំងអភិបាល នៃគណៈអភិបាលស្រុកអង្គរជុំ
January 12, 2023 អ្នកទស្សនា :

ព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៣នេះ នៅសាលាស្រុកអង្គរជុំ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីប្រកាសចូលកាន់តំណែងជាអភិបាលស្រុកអង្គរជុំ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និងត្រា ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុក ដែលទើបទទួលបានការតែងតាំងថ្មីរួចមក ឯកឧត្តម ទៀ សីហា ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូរទាំងស្រុកអង្គរជុំ ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ។

ឯកឧត្តម បានស្នើដល់លោកអភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ លើការអភិវឌ្ឍស្រុកអង្គរជុំបន្តពីលោកអភិបាលស្រុកគ្រប់អណត្តិ និងជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាតាមដូសបន្តបន្ទាប់ និងត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឱ្យបានល្អប្រសើរ។ 

ឯកឧត្តម ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ សំខាន់លោកអធិការនគរបាលស្រុកត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋទើបគ្រប់អាយុ និងបងប្អូនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលជិតហួសការកំណត់ត្រូវធ្វើជូនពួកគាត់ឱ្យទាន់ពេលវេលា ដើម្បីត្រៀមលក្ខណៈ និងប្រើប្រាស់ក្នុងការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

ម្យ៉ាងទៀត ត្រូវបន្តខិតខំលើកកម្ពស់ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងមួលដ្ឋាន ដោយជម្រុញការផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និង ខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់សំដៅរួមគ្នាធានាឱ្យបាននូវប្រក្រតីភាព នៃការងារគ្រប់វិស័យទូទាំងស្រុក ដើម្បីឱ្យរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ធានាបានកំណើនសេដ្ឋកិច្ច និងឈានទៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។ កត្តាសំខាន់លើការងារសន្តិសុខ អាជ្ញាធរ សមត្ថកិច្ច លើការទប់ស្កាត់ បង្រ្កាបនូវបទលើ្មសចរាចរគ្រឿងញៀន អំពើអាណាចារនៅក្នុងមូលដ្ឋាន និងបទល្មើសផ្សេងៗគ្រប់រូបភាព នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បង្កើនលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ដែលបានចូលមកទេសចរនៅតំបន់រម្មណីយដ្ឋានធម្មជាតិ ព្រមទាំងមានទំនាក់ទំនងឱ្យបានល្អជាមួយវិស័យឯកជនផងដែរ។ 

ឯកឧត្តម អភិបាលខេត្ត ក៏បានលើកផងដែរថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ មិនប្រកាន់ពូជសាសន៍ និន្នាការគណបក្សនយោបាយ និងបានប្រកាសបើកប្រទេសឡើងវិញ សំដៅស្តារសេដ្ឋកិច្ចជាតិ សំខាន់លើវិស័យទេសចរ ពិសេសនៅខេត្តសៀមរាប។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើផងដែរថា រាល់កិច្ចការទាំងអស់ យើងត្រូវគិតនូវផលប្រយោជន៍ប្រជាជនជាធំ ក្នុងការដោះស្រាយនូវរាល់ទុក្ខលំបាករបស់បងប្អូន ដើមី្បបំពេញនូវតម្រូវការចាំបាច់ក្នុងមូលដ្ឋាន មិនត្រូវមានគំនិតប្រកាន់ បក្ខពួកនិយម ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍រួម គឺត្រូវឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការ ពិសេសអនុវត្តន៍តាមអភិក្រមទាំង៥ (ងូតទឹក  ឆ្លុះកញ្ចក់  ដុសក្អែល ព្យាបាល និងវះកាត់) ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និង ភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

យ៉ាងណាវិញនៅថ្ងៃខាងមុខនេះ ខេត្តសៀមរាបនឹងទទួលបានភ្ញៀវទេសចរចិន ហើយយើងក៏មិនត្រូវធ្វេសប្រហែសនៃជម្ងឺកូវិដឡើយ គឺ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ដើមី្បបន្សាំខ្លួននឹងការរស់នៅតាមគន្លងប្រក្រតីថ្មី នៃបរិបទកូវីដ-១៩ ព្រមទាំងជម្រុញដល់អាជ្ញាធរភូមិ ឃុំ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងនូវដូសបន្តបន្ទាប់ទៀតផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ