រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីផ្ទេរភារកិច្ច និងប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកអង្គរធំ ខេត្តសៀមរាប
January 10, 2023 អ្នកទស្សនា :

កាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីផ្ទេរភារកិច្ច និងប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ឋានន្តរស័ក្តិវរៈមន្តី្រថ្នាក់លេខ២ ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលស្រុកអង្គរធំ ជំនួសលោក ឡុង រដ្ឋារក្ស ដែលត្រូវបានគ្រប់អាណត្តិរបស់ខ្លួន បានផ្ទេរភារកិច្ចថ្មីទៅបម្រើការ នៅសាលាខេត្តសៀមរាប។

បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និងត្រា ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុក ដែលទើបទទួលបានការតែងតាំងថ្មីរួចមក នាឱកាសនោះដែរ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកអង្គរធំ ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុកឱ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ។ ម៉្យាងទៀត ស្រុកក៏មានសក្តានុពល ក្នុងវិស័យកសិកម្ម ទេសចរណ៍ទៀតផង។ 

ឯកឧត្តម បន្តទៀតថា សមទ្ធិផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេចបាននូវសមទ្ធិផល ជាច្រើនគួរជាទីមោទនភាព។ ជាមួយគ្នានោះ ឯកឧត្តម បានស្នើដល់ លោកអភិបាលស្រុកដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកអង្គរធំ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួននោះគឺ -ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គមឱ្យបានល្អប្រសើរ ក្នុងការតាមដានត្រួតពិនិត្យ និងដោះស្រាយបាតុភាពអសកម្ម និងការថ្នាំងថ្នាក់នានា នៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះត្រូវរួមគ្នាកសាង ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសភូមិ ឃុំឱ្យមានភាពធុនទៅនឹងវិបត្តការប្រែប្រួល នៃព្រឹត្តិការណ៍នានា ជាក់ស្តែង ដូចជាយើងកំពុងជួបប្រទះនៅពេលកន្លងមក ដោយឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ដោយយើងក៏មិនត្រូវធ្វេសប្រហែសឡើយ គឺត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ដើមី្បបន្សាំខ្លួននឹងការរស់នៅតាមគន្លងប្រក្រតីថ្មី នៃបរិបទកូវីដ-១៩ ព្រមទាំងជម្រុញដល់អាជ្ញាធរភូមិ ឃុំ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងនូវដូសបន្តទៀតផងដែរ។  

ឯកឧត្តម ទៀ សីហា បានផ្តល់នូវអនុសាសន៍ ៨ចំណុច សម្រាប់រដ្ឋបាលស្រុកដេីម្បីបន្តសហការអនុវត្តឱ្យមានប្រសិទ្ធិភាព នូវកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឱ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេស ត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ឱ្យទទួលបានជោគជ័យ និងបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ និងការចូលទន្ទ្រានកាន់កាប់ដីរដ្ឋ។ ម៉្យាងទៀត ស្រុកអង្គរធំ ក៏មានសក្តានុពលលើវិស័យទេសចរណ៍ និងកសិកម្ម ដែលមានប្រាង្គប្រាសាទដ៏ប្រណិតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកម្សាន្ត។ 

ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់អភិបាលដែលទើបតែងតាំងថ្មី មានការសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ខិតខំពង្រឹង និងទទួលខុសត្រូវក្នុងការគាំទ្របច្ចេកទេសទៅដល់ឃុំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងធ្វើការបណ្តុះបណ្តាលមន្រ្តីរាជការសាលាស្រុកឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ និងត្រូវតាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង។ ក្នុងការអនុវត្តតួនាទីភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ