ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជំនះ ៧ មករា
January 08, 2023 អ្នកទស្សនា :

នាថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជំនះ ៧ មករា នៅស្រុកមណ្ឌលសីមា។

បន្ទាប់ពី ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានអាននូវសុន្ទរកថា សម្តេច តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងមីទ្ទីញរំលឹកខួបលេីកទី៤៤  ទិវាជ័យជំនះ ៧ មករា  ចំពោះខ្លឹមសារស្នូលសំខាន់ នៃទិវាជ័យជំនះនេះ ឯកឧត្តម ប្រធាន បានជម្រាបជូនអង្គពិធីថា ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រលើបនប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាការបើកឡើងនូវទំព័រសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ជាថ្ងៃដែលមានអត្ថន័យធំធេងបំផុតចំពោះការរស់រានឡើងវិញ ការស្ថិតស្ថេរគង់វង្ស និងការរីកចំរើននៃមាតុភូមិ និងប្រជាជនកម្ពុជា។

ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាចងចាំជានិច្ចថា ថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់ខ្លួន បើគ្មានជ័យជំនះ ៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ។ ជ័យជំនះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់រូប និងជារបស់មនុស្សជាតិទាំងមូលដែលស្រលាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ និងបំផ្លាញបានឡើយ។ គឺមានតែអ្នកស្រឡាញ់ របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជំនះ ៧ មករា។ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បាននាំប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងជំហានដ៏ស្វាហាប់ និងប្រកបដោយមោទនភាព»។

បន្ថែមពីនេះ ឯកឧត្តម ប្រធាន បានលើកឡើងថា ការជួបគ្នាក្នងថ្ងៃនេះ គឺជាការជួបជុំគ្នាជាតំណាងឱ្យវ័យចាស់វ័យកណ្តាល និងវ័យក្មេង ជាតំណាងឱ្យកសិករ កម្មករ-កម្មការិនី ជាងសំណង់ អាជីវករ អ្នកផ្តល់សេវាក្រៅប្រព័ន្ធ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ អតីតយុទ្ធជន នីវត្តជន និស្សិត សិស្សានុសិស្ស ជាតំណាងឱ្យពុទ្ធសាសនិក ឥស្លាមសាសនិក និងសាសនិកសាសនាឯទៀតៗ ជាតំណាងឱ្យបញ្ញវន្ត អ្នកបច្ចេកទេស។ល។ ជាតំណាងឱ្យអ្នកធ្លាប់រស់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងអ្នកដែលទើបកើតក្រោយថ្ងៃ ៧ មករា ១៩៧៩ ដើម្បីបង្ហាញសាធារណមតិជាតិ និងអន្តរជាតិឱ្យឃើញកាន់តែច្បាស់នូវគោលជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិភាព ឯករាជ្យ និងអធិបតេយ្យជាតិ សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ យើងប្តេជ្ញាជំរុញការកែទម្រង់លើគ្រប់វិស័យ បង្កើនជំនឿ និងការគាំទ្ររបស់ប្រជាជន។

អង្គពិធី បានប្តេជ្ញាជាធ្លុងមួយ បន្តថែរក្សាឱ្យបានជាដាច់ខាតនូវសុខសន្តិភាព សម្រាប់បន្តការកសាង និងអភិវឌ្ឍន៍កម្ពុជាឱ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត និងប្រកបដោយចីរភាព និងសូមអរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ មានសន្តិភាព ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ