ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងស្មៀនឃុំ នៃរដ្ឋបាលស្រុកកោះកុង
January 05, 2023 អ្នកទស្សនា :

នាថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងស្មៀនឃុំ នៃរដ្ឋបាលស្រុកកោះកុង។

លោកអភិបាលរង បានលើកឡើងថា ក្នុងនាម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំគ្រប់ឃុំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងការខិតខំចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ទន្ទឹមនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏បានខិតខំរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមត្ថកិច្ចស្រុកកោះកុងទាំងមូលបានយ៉ាងល្អប្រសើរ ។

ដោយអនុវត្តតាមស្មារតីនៃសេចក្តីណែនាំលេខ០០១ សណន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៤ របស់ក្រសួងមហាផ្ទៃស្តីពីនីតិវិធី និងសមត្ថកិច្ចតែងតាំង និងផ្លាស់ប្តូរស្មៀនឃុំ សង្កាត់  និងផ្អែកតាមការពិនិត្យ និងវាយតម្លៃទៅលើលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្រ្តីរាជការនៃរដ្ឋបាលស្រុកកោះកុងនាពេលកន្លងមក ក្រសួងមហាផ្ទៃបានតែងតាំងមន្ត្រីរាជការចំនួន០៣រូបជា ស្មៀនឃុំក្នុងស្រុកកោះកុង តាមរយៈសំណើរបស់រដ្ឋបាលស្រុក រួមមាន៖ លោក ផែង គីម ជាស្មៀនឃុំកោះកាពិ  លោក លី វណ្ណនី ជាស្មៀនឃុំជ្រោយប្រស់ លោក ឃិន វិសាល ជាស្មៀនឃុំតាតៃក្រោម។   

ឆ្លៀតក្នុងឱកាសនេះ លោក ស្រេង ហុង បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ជួន ចិន្តា លោក គាំ សុខចំរើន និងលោកស្រី សែម ចិន្តា ដែលបានខិតខំបំពេញការងារក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ឃុំ ក្នុងមុខតំណែងជាស្មៀនឃុំ ដែលបានធ្វើឱ្យឃុំ មានការរីកចម្រើននាពេលកន្លងមក។ 

ជាមួយគ្នានេះ លោក ស្រេង ហុង ក៏សូមសំដែងនូវការអបអរសាទរចំពោះ លោក ផែង គីម  លោក លី វណ្ណនី  លោក ឃិន វិសាល ដែលទទួលបានការតែងតាំងមុខតំណែងជាស្មៀនឃុំ ក្នុងស្រុកកោះកុងនាពេលនេះ។ ខ្ញុំសង្ឃឹមជឿជាក់ថា អស់លោក នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ ភូមិឃុំក្នុងស្រុកកោះកុង របស់យើងឲ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។  

ទន្ទឹមនឹងនេះ លោក ស្នើដល់ លោក លោកស្រីទាំងអស់រួមគ្នាសំអាត អនាម័យ បរិស្ថានឱ្យបានល្អនៅតាមគេហដ្ឋាន និងអង្គភាពរបស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីសុខភាព និងដើម្បីកិត្តិយសស្រុកនិងខេត្ត របស់យើង៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង 
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ