អភិបាលខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់រកាខ្ពស់
January 26, 2023 អ្នកទស្សនា :

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បាន​ដឹក​នាំ​​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់​ដោយសារជំនន់​ទឹក​ភ្លៀង​ តាមបណ្តោយព្រែកថី ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ។ ឯកឧត្ដម បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនបោះបង់ និងរត់ចោលបងប្អូន ក្នុងខណៈពេលដែលបងប្អូនប្រជាពលរដ្ឋយើងកំពុងជួបប្រទះនូវការលំបាកនោះទេ ពេលណាដែលបងប្អូនប្រជាពលរដ្ឋយើងកំពុងជួបប្រទះនូវការលំបាកកាន់តែខ្លាំង សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាអាជ្ញាធរខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែចុះមកជួបផ្ទាល់ជាមួយបងប្អូន ដោយមិនធ្វើឱ្យបងប្អូនអស់សង្ឃឹម និងខកបំណងឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ជាពិសេសត្រូវបន្តរក្សាអនាម័យដោយពិសារទឹកស្អាត ឬទឹកដាំពុះ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងត្រូវលាងដៃជាមួយសាប៊ូឱ្យបានជាប់ជានិច្ច ហើយក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស និងសត្វផ្សេងៗទៀត ដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា បើទោះបីអំណោយដែលចែកជូននាពេលនេះមិនច្រើនពិតមែន តែនឹងអាចជួយដោះស្រាយជាស្បៀងសម្រាប់ក្រុមគ្រួសារពុកម៉ែបងប្អូនបានមួយរយៈផងដែរ។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាអនុវត្តន៍ឱ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ។

សូមបញ្ជាក់ថា អំណោយរបស់រដ្ឋបាលខេត្តកណ្តាល ចែកជូនប្រជាពលរដ្ឋនាពេលនេះ ចំនួន ៤៣គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន ដូចជា៖ អង្ករ ២០គីឡូ, មី ១កេស, ទឹកសុទ្ធ ១កេស និងថវិកាមួយចំនួនទៀត ហើយរដ្ឋបាលខេត្តកណ្តាល ក៏បានរៀបចំផ្ទះជូនប្រជាពលរដ្ឋ ដែល​រងផលប៉ះពាល់​ដោយសារជំនន់​ទឹក​ភ្លៀង​ តាមបណ្តោយព្រែកថី នាពេលនេះ ឱ្យចូលស្នាក់នៅជាបណ្តោះអាសន្នបានគ្រប់ៗគ្នាផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ