កិច្ចប្រជុំសាមញ្ញ លើកទី៣៩ អាណ្ណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម
August 08, 2017 អ្នកទស្សនា :

ព្រឹកថ្ងៃទី០៨ សីហា ឆ្នាំ២០១៧ នេះ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៣៩ អាណ្ណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម។ កិច្ចប្រជុំនេះ ក៏បានអញ្ជើញចូលរួម ពីឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សា ឯកឧត្ដម លោកជំទាវ អភិបាលរង ខេត្តកំពង់ចាម ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម ឲ្យដឹងថា កិច្ចប្រជុំខាងលើ លើកយករបៀបវារៈ ចំនួន ៤ មកពិភាក្សា គឺ ៖ ១.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សា ។ ២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំខែ កក្កដា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត ។ ៣.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងគម្រោងចំណូល ចំណាយថវិកា ប្រចាំឆ្នាំ២០១៨ របស់សាលា ខេត្តកំពង់ចាម ។ ៤.បញ្ហាផ្សេងៗ ។ ក្នុងការឆ្លើយតបទៅនឹងបញ្ហាមួយចំនួន ដែលក្រុមប្រឹក្សា លើក ឡើងថា ការបង្ក្រាបអ្នកជល់មាន់ ជាការដាក់ម៉ូគ្នា ឬក៏គ្រាន់តែជាការបង្ក្រាបបង្អើល? ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម បានបញ្ជាក់ថា វាពុំមែនដូច្នេះទេ ពីព្រោះថា សមត្ថកិច្ចជំនាញ បានយកចិត្តទុកដាក់ជាខ្លាំងលើបញ្ហានេះ ជាពិសេស យើងបានចុះបង្ក្រាបបានជាបន្តបន្ទាប់ ក៏ប៉ុន្តែ អ្នកប្រព្រឹត្តនៅកន្លែងខ្លះ បានដឹងខ្លួនមុន ហើយរត់ ខណៈដែលសមត្ថកិច្ចទៅដល់ ទោះយ៉ាងណា យើងក៏បានរឹបអូសយកនូវវត្ថុតាង ជាមធ្យោបាយ របស់ជនល្មើស ផងដែរ ។ ពាក់ព័ន្ធទៅនឹង ការកើនឡើងលើការចំណាយថវិកាក្នុងខែ ឯកឧត្ដមបញ្ជាក់ថា វាពាក់ព័ន្ធទៅនឹងនីតិវិធីលទ្ធកម្ម ពោលគឺ បើការទូទាត់ពេលណា គឺវានឹងកើនឡើងនៅខែនោះហើយ ។ ចំណែកឯ បញ្ហាកម្រៃភាស៊ី នៅផ្សារបឹងកុក ឯកឧត្ដម ស្នើសុំឲ្យមានការយោគយល់ និងអត់ទ្រាំបន្តិច ដើម្បីឲ្យស្ថាប័នមានសមត្ថកិច្ចគិតគូ ពីព្រោះថា រាជរដ្ឋាភិបាល កំពុងមានយន្តការណ៍ នៃការគិតគូជាកញ្ចប់ លើបញ្ហាភាស៊ីនេះ ។ ចំពោះ ការបង្ក្រាបអ្នកលេងល្បែងឆ្នោត និងបទល្មើសនេសាទខុសច្បាប់វិញ គឺឯកឧត្ដម បានប្រគល់ភារកិច្ចនេះ ជូនមេឃុំ និងចៅសង្កាត់ទាំងអស់ ដើម្បីដឹកនាំបង្ក្រាបដោយផ្ទាល់ ហើយយើងនឹងដាក់ការវាយតម្លៃ ទៅលើសមត្ថភាព នៃការបង្ក្រាបនេះ ថាតើបានកម្រិតណា និងដាក់ក្នុងរបាយការណ៍មកខេត្ត ។ ចំណែកឯ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលស្ទួនក្រយៅដៃ ការមិនផ្ដល់ឲ្យប្រជាពលរដ្ឋ ឯកឧត្ដមបញ្ជាក់ថា ការស្ទួនក្រយៅដៃនេះ គឺជាកំហុសរបស់ប្រជាពលរដ្ឋ ពីព្រោះថា កន្លងទៅពួកគាត់បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ នៅកន្លែងនេះម្ដង នៅកន្លែងនោះម្ដង ហើយមិនបានប្រាប់ព័ត៌មាន អំពីមូលហេតុ ទៅដល់ជំនាញឲ្យដឹងជាមុន ។ អញ្ចឹងទេ បញ្ហាស្ទួននេះ គឺមកពីបញ្ហា ៧យ៉ាង ក្នុងនោះ បញ្ហា ៤យ៉ាង គឺ ៖ ១.អត្តខុសឈ្មោះ ២.អត្តខុសថ្ងៃខែឆ្នាំកំណើត ៣.អត្តខុសទីកន្លែងកំណើត ៤.អត្តខុសអាស័យដ្ឋាន គឺអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មិនអាចបោះពុម្ពអត្តសញ្ញាណប័ណ្ណឲ្យបានឡើយ ។ ហើយបញ្ហានេះ ពុំមែនជារឿងរបស់ស្នងការនគរបាលខេត្តនោះទេ ពោលគឺ ជារឿងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ហើយបច្ចុប្បន្ននេះ នាយកដ្ឋាន ក៏កំពុងមានវិធានការ ជម្រុញឲ្យប្រជាពលរដ្ឋ ដែលស្ទួនក្រយៅ មានអត្តប្រើប្រាស់គ្រប់ៗគ្នា ។ ដោយឡែក ជុំវិញសំណួរថា មន្ទីរសាធារណៈការ បានសុំលុយ ពីប្រជាពលរដ្ឋ ដែលមកទទួលសេវាផ្សេងៗ ពីមន្ទីរ តំណាងមន្ទីរសាធារណៈការ បានបញ្ជាក់ថា មន្ទីរពុំបានអនុញ្ញាត ឲ្យមន្ត្រីខ្លួន សុំលុយពីប្រជាពលរដ្ឋឡើយ ពីព្រោះថា រាល់តម្លៃសេវាផ្សេងៗ មន្ទីរបានដាក់តម្លៃ បទនៅលើជញ្ជាំងច្បាស់លាស់ ។ ដូច្នេះ ប្រសិនបើមានមន្ត្រីណាម្នាក់ ទារកម្រៃលើសពីការកំណត់ ដូចបានចែកនៅក្នុងសេចក្ដីប្រកាសអន្តរក្រសួង សាធារណៈការ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរនឹងមានវិធានការ ទៅតាមការងាររដ្ឋបាល ។ សូមបញ្ជាក់ដែរថា បន្ទាប់កិច្ចប្រជុំដំណើរការទៅតាមរបៀបវារៈ រួចមក ឯកឧត្ដម ខ្លូត ផន ក៏បានថ្លែងអំណរគុណ ចំពោះ ការឆ្លើយបំភ្លឺ របស់គណៈអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ផងដែរ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៧ )

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ