នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ សាលាសង្កាត់កំពង់ចាម សាលាសង្កាត់វាលវង់ និងផ្លូវមួយខ្សែ ក្នុងក្រុងកំពង់ចាម។
ក្នុងឱកាសនៃការចុះពិនិត្យនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានពន្លឿនក្រុមជាងត្រូវសាងសង់ឲ្យរួចនៅបំណាច់ឆ្នាំ ២០២២ ខាងមុខនេះ និងត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពសំណង់ឱ្យប្រើប្រាស់បានយូរអង្វែង។
គួរបញ្ចាក់ថាសាលាសង្កាត់កំពង់ចាម ត្រូវបានប្ដូរទីតាំងពីរភូមិទី ១១ មកសាងសង់ក្នុងភូមិទី ៧ ខាងក្រោយមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមវិញ។ បច្ចុប្បន្នសាលាសង្កាត់កំពង់ចាមនេះសាងសង់បានលទ្ធផលប្រមាណជា ៨០ % ។ ដោយឡែក ចំពោះសាលាសង្កាត់វាលវង់ ដោយសារទីតាំងចាស់តូចចង្អៀត ត្រូវបានអភិបាលខេត្តកំពង់ចាម សម្រេចសាងសង់ថ្មី ស្ថិតក្នុងភូមិទី ១ ដដែល ។ បច្ចុប្បន្នសាលាសង្កាត់វាលវង់ សាងសង់បានលទ្ធផលប្រមាណជា ៥០ទៅ ៦០ % ហើយដែរ នឹងត្រូវសាងសង់រួចរាល់ជាស្ថាពរនៅបំណាច់ឆ្នាំ ២០២២ ខាងមុខនេះ ដូចសាលាសង្កាត់កំពង់ចាមដែរ។
បើតាមលោក សុខ លឹមហ៊ាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងផងដែរថា ផ្លូវតាណេង ទទឹងប្រវែង ១៤ ម៉ែត្រ និង បណ្តោយប្រវែង ៧០០ ម៉ែត្រ ជាប្រភេទ ផ្លូវក្រាលកៅស៊ូ DBST ស្ថិតនៅភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម បានស្ថាបនា រួចរាល់ជាស្ថាពរហើយ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម