ព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចែកអំណោយដល់គ្រួសារមានជីវភាពខ្វះខាតចំនួន៦១គ្រួសារ ព្រមទាំងជួបសំណេះសំណាលជាមួយមន្រ្តីការិយាល័យចុះឈ្មោះបោះឆ្នោត និងលោកគ្រូអ្នកគ្រូ នៅស្រុកព្រែកប្រសព្វ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា ៖ ក្នុងនាមជាអាជ្ញាធរឃុំ គឺត្រូវតែមានភាពក្លាហាន ឆ្លាតវៃ ស្មោះត្រង់ និងចេះទំនាក់ទំនងគៀងគរស្វែងរកដៃគូរជំនួយ ដើម្បីយកមកកសាងអភិវឌ្ឍន៍ និងជួយដល់ប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួន ប្រកបដោយតម្លាភាព ឲ្យសក្ត័សមទៅនឹងជំនឿជឿទុកចិត្តពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងចែកអំណោយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួន៦១គ្រួសារ នៅឃុំព្រែកប្រសព្វ និងឃុំកំពង់គរ ដែលអំណោយផ្តល់ជូននាពេលនោះមាន ៖អង្ក-រ ២៥ គីឡូក្រាម -មី ១កេសតូច-ទឹកត្រី ១ យួរ-ទឹកស៊ីអ៊ីវ ១ យួរ-អំបិល ៥ កញ្ចប់-មុង ១-ភួយ ១-សារ៉ុង ១ និងថវិកា ២ ម៉ឺនរៀល ។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដោយបញ្ជាក់ថា បើទោះបីជាក្នុងស្ថានភាពបែបណាក៏ដោយ គឺធ្វើយ៉ាងណាត្រូវជួយសង្រ្គោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋឲ្យបានសិន ។
ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ខ្លាំងចំពោះទុក្ខលំបាក និងជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋរបស់ខ្លួន និងបានស្នើរសុំជំនួយជាស្បៀង និងសម្ភារៈ ដើម្បីយកមកជួយសម្រាលដល់ជីវភាពពួកគាត់ដែលកំពុងត្រូវការជំនួយសង្រ្គោះ និងបានជម្រុញឲ្យឧស្សាហ៍ចុះពិនិត្យតាមដានតាមភូមិឲ្យបានញឹកញាប់ ដើម្បីស្រង់ស្ថិតិ និងក្តាបព័ត៌មានឲ្យបានច្បាស់អំពីអ្នករងគ្រោះ និងងាយរងគ្រោះ ដើម្បីរាយការណ៍ជូនអាជ្ញាធរខេត្តដើម្បីដោះស្រាជូនឲ្យចំគោលដៅ និងទាន់ពេលវេលា ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៏បានជម្រុញលើកទឹកចិត្តឲ្យបងប្អូនជនចាស់ជរា សូមអញ្ជើញទៅពិគ្រោះជាមួយគ្រួពេទ្យជំនាញ ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា និងសូមឲ្យបន្តរស់នៅដោយមានការប្រុងប្រយត្ន័ ប្រកបដោយវិធានការការពារអនាម័យឲ្យបានខ្ជាប់ខ្ជួនជាប់ជាប្រចាំ ជាពិសេសសូមអញ្ជើញទៅចុះឈ្មោះ និងពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ជ្រើសរើសអ្នកដឹកនាំកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍រីកចម្រើននៅពេលខាងមុខនេះ ។
ក្នុងឱកាសននោះដែរ ឯកឧត្តម វ៉ា ថន និងក្រុមការងារបានបន្តចុះពិនិត្យនិងជួបសំណេះសំណាលជាមួយមន្រ្តីការិយាល័យចុះឈ្មោះបោះឆ្នោត២ទីតាំង នៅភូមិព្រៃគូរ ឃុំព្រែកប្រសព្វ និងភូមិជ្រោយស្នែងក្របីលើ ឃុំកំពង់គរ និងជួបលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុប ២៩ នាក់ ដោយក្នុងនោះបានឧបត្ថម្ភនូវសារុង១ និងថវិការ ២ម៉ឺនរៀលផងដែរ ៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ