រដ្ឋបាលខេត្តកោះកុង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ឆ្នាំ២០២២
November 09, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានថ្លែងក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ នេះថា ថ្ងៃនេះជាទិវាប្រវត្តិសាស្ត្រប្រកបដោយមហានក្ខត្តឬក្សក្រៃលែង ដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមានសេចក្តីរីករាយឥតឧបមា ចូលរួមប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ។

ដោយឡែកខេត្ត កោះកុងរបស់យើងក៏បានរៀបចំមិទ្ទិញ ដើម្បីប្រារព្ធពិធីបុណ្យដ៏មហោឡារឹកនាពេលនេះ ក្នុងបំណងសំដែងនូវមនោសញ្ចេតនា ទឹកចិត្តសោមនស្សរីករាយអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលដណ្តើមបានទាំងស្រុងមកវិញនូវ ឯករាជ្យជាតិពេញបរិបូរណ៍ ពីនឹមអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា នៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ"។

ឯកឧត្តម បានបន្ថែមទៀតថា អាស្រ័យដោយមានការគាំទ្រយ៉ាងពេញទំហឹងទើប ព្រះរាជបូជនីយកិច្ច របស់ព្រះមហា វីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បានទទួលជោគជ័យពេញលេញ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយពេលនោះ អគ្គបញ្ជាការ សេនាធិការ និងកងទ័ពជើងគោក ជើងអាកាស និង កងទ័ពជើងទឹកបារាំងបានថ្វាយបង្គំលាព្រះមហាក្សត្រកម្ពុជា និងចាកចេញដោយមិនវិលត្រឡប់មកកម្ពុជាវិញឡើយ។ ថ្ងៃនោះហើយដែល ព្រះមហាក្សត្រខ្មែរ បានសម្រេចជាផ្លូវការផ្ញើសារ លិខិតជូន រដ្ឋាភិបាលបារាំងថា ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នេះតទៅ ព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈខ្លួនជាប្រទេសឯករាជ្យពេញទី ឈប់ធ្វើជាសមាជិកនៃសហភាពបារាំងទៀតហើយ ហើយមានអធិបតេយ្យភាពពេញលេញលើគ្រប់វិស័យ រួមទាំងវិស័យការទូតទាំងឡាយផងដែរ។
ថ្ងៃនេះ យើងទាំងអស់គ្នាបានចូលរួម ប្រារព្ធមិទ្ទិញខួបលើកទី៦៩ ដើម្បីរំលឹកទិវាប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ នៃឯករាជ្យជាតិខ្មែរ ស្របពេលដែលប្រទេសជាតិយើង រក្សាបាននូវស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ច មានសន្តិភាពពេញលេញ មានការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់ វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ឆ្លៀសវបំផុតប្រកបដោយ គតិបណ្ឌិត ឧត្តុងឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនិងនេះដែរ ឯកឧត្តម បន្ថែមថា យើងខ្ញុំទាំងអស់គ្នាក៏ សូមប្ដេជ្ញាដោយឈរលើស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងត្រូវបានកំណត់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីយើងយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានជាដាច់ខាត។

ក្នុងឱកាសនេះដែរ ទូលព្រះបង្គំយើងខ្ញុំ ជាកូនចៅ ចៅទួត ចៅលួត មានសេចក្ដីអាលោះអាល័យជាពន់ពេកចំពោះ ព្រះវររាជបិតាជាតិខ្មែរ ព្រះមរបរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែល ព្រះអង្គបានយាងចូលទីវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ គិតមកដល់ពេលនេះ មានរយៈពេល១០ឆ្នាំ និង២៦ថ្ងៃទៅហើយ។ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងឱ្យ វិញ្ញាណក្ខន្ធរបស់ព្រះអង្គបានយាងទៅសោយសុខ ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ ទូលព្រះបង្គំទាំងអស់គ្នា ជាកូនចៅ ចៅទួត ចៅលួត សូមព្រះបរមរាជានុញ្ញាតលំឱនកាយសំដែងនូវកតញ្ញុតាធម៌ចំពោះ ព្រះមហាករុណាទិគណ ថ្វាយចំពោះ ព្រះវិញ្ញាណក្ខន្ធរបស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ដឹកនាំព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពេញ លេញ ជូនមាតុភូមិជាទីស្នេហានៃយើង។

ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ យើងខ្ញុំទាំងអស់គ្នាសូមចងចាំជានិច្ចនូវ គុណូបការៈ និងគំរូវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធជន យុទ្ធនារី និងវរជនស្នេហាជាតិទាំងអស់ ដែលបាន បូជាជីវិត លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងដែនដី សុវណ្ណភូមិជាទីស្នេហានៃយើង។

ជាទីបញ្ចប់ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានថ្លែងអំណរព្រះគុណ ចំពោះព្រះតេជគណ និងព្រះមេគណគ្រប់គណៈ ព្រះថេរានុត្ថេរៈគ្រប់អង្គ។ សូមអរគុណចំពោះទឹកចិត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ ក្មួយៗ ចៅៗយុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញមកចូលរួមទាំងទឹកចិត្តរីករាយ ក្នុងពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២២៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ