ឯកឧត្តម ថង សាវុន អញ្ជើញជាអធិបតីក្នុងពិធីបំពាក់កន្សែង ជូនដល់យុវជនកាកបាទក្រហមកម្ពុជាថ្មី នៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី
November 06, 2022 អ្នកទស្សនា :

នារសៀលថ្ងៃសុក្រ ទី ៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់កន្សែង ជូនដល់យុវជនកាកបាទក្រហមកម្ពុជាថ្មី នៃវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី ចំនួន ៦៣នាក់ ស្រី ៤៥នាក់ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត នាយក នាយិកាសាលា និងអ្នកគ្រូទីប្រឹក្សាយុវជន យុវជនកាយរឹទ្ធិជាតិកម្ពុជាខេត្តមណ្ឌលគិរី យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងសិក្ខាកាមចូលរួមសរុបចំនួន ១១៩នាក់ ពិធីនេះដែរ ប្រព្រឹត្តទៅនៅសាលប្រជុំអាគារធនធាន នៃវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី។

ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន បានលើកឡើងថា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបំរើសេវាកម្មមនុស្សធម៌ និងចូលរួមការងារក្នុងសង្គម សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានផ្តល់វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ ស្តីអំពី ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម កាកបាទក្រហមកម្ពុជា វិជ្ជាសង្គ្រោះបឋម និងការងារគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងបញ្រ្ចាបលើប្រធានបទសុវត្ថិភាពចរាចរណ៍ ដើម្បីបានជាមូលដ្ឋានក្នុងការបំពេញការងារមនុស្សធម៌។ បន្ថែមលើចំណេះដឹងនេះ សូមគោរពប្រគល់តួនាទី និងភារកិច្ចដល់ប្អូនៗដូចខាងក្រោម៖
- ប្អូនៗជាតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជា ក្នុងស្រទាប់យុវវ័យ
- ប្អូនៗជាទំពាំងស្នងប្ឬស្សី ជាអ្នកបន្តវេនក្នុងសកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
- ត្រូវគោរពវិន័យសាលា ខិតខំរៀនសូត្រឲ្យបានពូកែ និងធ្វើជាគំរូល្អក្នុងស្រទាប់យុវវ័យ
- ត្រូវផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងសាលា និងសហគមន៍។
- ចូលរួមបន្តការអប់រំសុខភាពអនាម័យ បង្ការជំងឺឆ្លង ក៏ដូចជាគ្រោះថ្នាក់នៃគ្រឿងញៀន
- ចូលរួមសកម្មភាពមនុស្សធម៌ក្នុងសាលា ជួយដល់មិត្តយុវសិស្សក្រីក្រ រៀនខ្សោយ និងលើកទឹកចិត្តមិត្តយុវសិស្សពិការផងដែរ
- ធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍
- មានទំនាក់ទំនងស្មើភាពក្នុងជួរយុវជន ដោយសហការល្អ ចែករំលែកបទពិសោធន៍ជាមួយយុវជនកាយរឹទ្ធិជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាយុវជនកាកបាទក្រហម អឌ្ឍចន្ទក្រហម នៃបណ្តាប្រទេសជាមិត្តនានាក្នុងសកលលោក។

បន្ទាប់ពីបានទទួលតួនាទី និងភារកិច្ច និងដើម្បីឆ្លើយតបនឹងប្រសាសន៍ផ្ដាំផ្ញើ និងការប្រគល់ភារកិច្ចរបស់គណៈអធិបតី តំណាងយុវជនថ្មី ចំនួន ៣រូបបានធ្វើការប្ដេជ្ញាចិត្តដូចតទៅ៖
_ ប្ដេជ្ញា! គាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា នៅអាណត្តិក្រោយៗទៀត។
_ ប្ដេជ្ញា! គោរពដើរតាមគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន
_ ប្ដេជ្ញា! ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ប្រការ នៃចលនាអន្តរជាតិកាកបាទក្រហម យកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាព និងអប់រំខ្លួនឲ្យក្លាយជាយុវជនល្អ គោរពច្បាប់ គោរពវិន័យសាលាឲ្យបានល្អ គោរពប្រពៃណីទំនៀមទម្លាប់ជាតិ លើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងរវាងយុវជនកាកបាទក្រហមកម្ពុជា ជាមួយនឹងយុវជននៃស្ថាប័នដទៃទៀត និងសិស្សរួមសាលាឱ្យបានជិតស្និតទូលំទូលាយ ព្រមទាំងចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក
_ ប្ដេជ្ញា! ចូលរួមដោយស្ម័គ្រចិត្តប្រតិបត្តិរាល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមគោលការណ៍ដឹកនាំរបស់លោកគ្រូនាយក នាយិកាសាលា និងទីប្រឹក្សាយុវជន
_ ប្ដេជ្ញា! យកចិត្តទុកដាក់លើកកម្ពស់ការផ្សព្វផ្សាយចលនាកាកបាទក្រហមគោលការណ៍គ្រឹះទាំង ៧ប្រការ ដល់យុវជន និងសិស្សានុសិស្សរួមសាលា

យើងខ្ញុំទាំងអស់គ្នាមានសេចក្ដីសប្បាយរីករាយ និងមានមោទនភាពយ៉ាងក្រៃលែង ដែលបានក្លាយជាយុវជនកាកបាទក្រហមកម្ពុជា និងចងចាំជានិច្ចនៅគុណូបការ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានផ្ដល់ភាពកក់ក្ដៅ ក្ដីស្រឡាញ់ ក្ដីមេត្តា និងការយកចិត្តទុកដាក់គ្រប់បែបយ៉ាងចំពោះយុវជននិងប្រជាពលរដ្ឋគ្រប់រូបដោយគ្មានការរើសអើង។

ជាចុងក្រោយ យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ សូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក ជួយប្រោះព្រំបីបាច់ថែរក្សានិងប្រសិទ្ធពរជ័យ សិរីមង្គលដល់លោកអ៊ុ គណៈអធិបតី ព្រមទាំងលោកអ៊ុប្រុស លោកអ៊ុស្រី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ សូមសមប្រកបដោយសេចក្ដីសុខចម្រើន សុខភាពល្អបរិបូណ៌ ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងសូមគោរពជូនពរមិត្តយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ សូមសមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ