រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីប្រណាំងទូកង នៅស្ទឹងសិរីសោភ័ណ
November 05, 2022 អ្នកទស្សនា :

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រណាំងទូកង ដើម្បីចូលរួមអបអរសារទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ក្នុងគោលដៅចូលរួមថែរក្សាទំនៀម ទម្លាប់វប្បធម៌ប្រពៃណីជាតិដែលមានជាយូរ លង់ណាស់មកហើយនោះ បន្ទាប់ពីអាក់ខានការប្រារព្ធពិធីនេះរយៈពេលពីឆ្នាំជាប់ៗគ្នាកន្លងមកនេះ ដោយសារតែគ្រោះទឹកជំនន់ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។

ពិធីប្រណាំងទូកនេះបានធ្វើឡើងរយៈពេល២ថ្ងៃ គឺពីថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលមានទូកងចំនួន២៦ទូក មកពីបណ្តាវត្តនានា ក្នុងស្រុក ក្រុង របស់ខេត្ត បានចូលរួមធ្វើការប្រកួតប្រជែងអុំប្រណាំងនៅស្ទឹងសិរីសោភ័ណ ក្រោយសាកល វិទ្យាល័យមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលនៅថ្ងៃដំបូងនេះមានការ ចូលរួមទស្សនាកម្សាន្តពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត និងខេត្តជិតឆ្ងាយយ៉ាងច្រើនកុះ ករ។

មានប្រសាសន៍ក្នុងពិធីបើកការប្រណាំងទូក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកនេះ គឺធ្វើឡើង ដើម្បីជាការកម្សាន្តសប្បាយរំសាយ ការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅ ក្នុងខេត្តក៏ដូចជាមកពីបណ្តា ខេត្តជិតឆ្ងាយ និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅថ្ងៃទី០៧ ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិដែលមានជាយូរលង់ណាស់មកហើយ សំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយ បានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារបស់ខ្លួនបានបន្សល់ទុកឱ្យ និងឱ្យថែរក្សាបានគង់វង្សទៀតផង។

ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ទៀតថា ពិធីប្រណាំងទូកនេះគឺជាការឧទ្ទិសដល់វីរ កងទ័ពជើងទឹក នៃកុលបុត្រខ្មែរជំនាន់ដើម ក្នុងការវាយយកទឹកដីមហានគរពីការឈ្លានពាន របស់សត្រូវ។ ពិធីនេះក៏ឧទ្ទិសដល់គុណព្រះធរណី និងព្រះគង្គា ដែលបានដឹកនាំ ដីល្បាប់ដ៏មានជីវជាតិ មកស្រោចស្រពលើផ្ទៃដីឱ្យផលដំណាំប្រជាកសិករទទួល ផលល្អប្រសើរសម្រាប់ជីវភាព ប្រកបដោយភាពសុខក្សេមក្សាន្ត។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការក្រើនរំលឹកដល់ចំណុះទូកទាំងអស់ ត្រូវគោរពនូវវិន័យការប្រកួតត្រូវចេះសាមគ្គីគ្នា ត្រូវបង្ហាញទឹកចិត្តជាកីឡាប្រឹងប្រែង ក្នុងប្រកួត ដណ្តើមយកជ័យជម្នះ ដើម្បី សម្រាប់វត្តមូលដ្ឋានរបស់ខ្លួន។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការអំពាវនាវទៅកាន់ដល់ស្រទាប់មហាជនទាំងអស់ ពិសេសយុវជនត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមមេត្តាបន្តការ ចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ ផ្លូវគោក និងបន្តអនុវត្តន៍នូវវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ទូកង ដែលបានចូលរួមប្រណាំង ចំនួន២៦ទូក ក្នុងនោះ ទូកង ចំណុះ ៧៥នាក់ មួយទូក, ចំណុះ ៧២នាក់ មួយទូក, ចំណុះ៦៩នាក់ មួយទូក, ចំណុះ ៤៧នាក់ មួយទូក, ចំណុះ ៤៥នាក់ មួយ ទូក, ចំណុះ ២២នាក់ ១៤ទូក, ចំណុះ ៥នាក់ ចំនួន៥ទូក និងចំណុះ ៣នាក់ ២ទូក៕

ប្រភព ៖ ខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ