រដ្ឋបាលខេត្តតាកែវ រៀបចំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ និងចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថវិកា
November 02, 2022 អ្នកទស្សនា :

តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ និងបណ្ដុះបណ្ដាលវគ្គសង្រ្គោះបឋម ជូនបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ដោយឥតគិតថ្លៃ នៅវិទ្យាល័យ ពោធិ៍អំពិល ស្ថិតនៅឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាល លោក ឈួន ផាន់ អភិបាលស្រុកទ្រាំង លោក លោកស្រី អភិបាលរងស្រុក មន្រ្តីចំណុះរដ្ឋបាលស្រុក និងបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងថា ជានិច្ចកាល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏ធ្លាប់បានចុះមកបំពេញបេសកកម្មជាច្រើនលើក នៅក្នុងខេត្តតាកែវ ក្នុងការងារជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ដោយបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស និងការពិនិត្យព្យាបាលជំងឺ រួមទាំងចែកថ្នាំពេទ្យជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយមិនប្រកាន់និន្នាការនយោបាយ ពិសេសបំពេញការងារប្រកបដោយវិជ្ជាជីវៈ មានសម្ថភាពខ្ពស់ ក្រមសីលធម៌ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាព និងផ្តល់ស្នាមញញឹមជូនប្រជាពលរដ្ឋនៅតាម សហគមន៍មូលដ្ឋាន។

ដោយឡែកតាមការបញ្ជាក់ពី ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្នុងរយៈពេលជាង ១០ឆ្នាំ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ការចង្អុលបង្ហាញជាប្រចាំប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ៦,៧៧៩នាក់ ក្នុងនោះស្ត្រីមានចំនួន ៣,៦៩៦នាក់ ដឹកនាំនិងសម្របសម្រួលដោយរូប ឯកឧត្តមផ្ទាល់ បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាក រកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និងបានពិនិត្យព្យាបាលជំងឺ និងចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសនៅពេលប្រទេសជាតិទទួលរងការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំសម្របសម្រួលដោយផ្ទាល់ពី ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន២,៩៤៥នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុង២៥ រាជធានី-ខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ