ខេត្តស្វាយរៀង សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការច្រកទ្វារព្រំដែន​បុសមន-ហ្វឿកតឹន
October 05, 2018 អ្នកទស្សនា :

នៅថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្ត ស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសហការរៀបចំពិធីប្រកាសសម្ពោធជាផ្លូវការច្រកទ្វារព្រំដែនទ្វេភាគីបុសមន-ហ្វឿកតឹន ស្ថិតនៅភូមិវាល ឃុំបុសមន ស្រុករំដួល ស្វាយរៀង ដែលត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរសម្រេចដំឡើងកម្រិតពីច្រកទ្វារតំបន់ព្រំដែន ទៅជាច្រកទ្វារព្រំដែនទ្វេភាគី កាល ពីពេលកន្លងទៅ។ ​

ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯក ឧត្ដម ផាម វ៉ាន់តឹន អនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់តំណាងប្រទេសទាំងពីរផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយ រៀង បានសម្ដែងនូវការអបអរសាទរយ៉ាងក្រៃលែង ចំពោះពិធីសម្ពោធជាផ្លូវការនូវច្រកទ្វាព្រំដែនទ្វេភាគីរបស់ខេត្តទាំងពីរនៅថ្ងៃនេះ ហើយឯកឧត្ដម ក៏ដូចជាឯកឧត្ដមប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ក៏បានបង្ហាញជំនឿយ៉ាងមុតមាំដូចគ្នាថា ក្រោយពីដំណើរការជាច្រកទ្វារព្រំដែនទ្វេភាគី នឹងដើរតួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកបង្កើនទំហំ ពាណិជ្ជកម្ម ការវិនិយោគ និងការដឹក ជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ព្រមទាំងជួយសម្រួលដល់ការផ្លាស់ប្តូរទំនិញកសិផលរវាងប្រជាពលរដ្ឋ និងអាជីវករ ពាណិជ្ជ ករ​ តាមតំបន់ព្រំដែន ហើយជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកស្ទួយដល់ការអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តទាំងពីរឲ្យបានកាន់តែប្រសើរបន្ថែមទៀត។

ជាមួយនេះ ឯកឧត្ដម ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន អង្គភាព និងកងកម្លាំងមានសមត្ថកិច្ចដែលឈរជើងនៅច្រកទ្វារព្រំ ដែនទាំងពីរ ត្រូវបន្តសហការគ្នាឲ្យបានកាន់តែល្អប្រសើរ ក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ព្រមទាំងខិតខំសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗរបស់អាជីវករ និងបងប្អូនប្រជា ពលរដ្ឋទាំងសងខាង រួមគ្នាដោះស្រាយបញ្ហានានា ដែលកើតឡើងតាមព្រំដែនឲ្យបានទាន់ពេលវេលា និងដោយសន្តិវិធី ឈរលើស្មារតីមិត្តភាពជាប្រពៃណី និងភាពជាបងប្អូន សំដៅរួមគ្នាពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ គង់វង្ស យូរអង្វែង ៕ អែមមី

ប្រភព៖​ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ