លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ
September 21, 2022 អ្នកទស្សនា :

នាថ្ងៃអង្គារ ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា តាងនាម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួន នាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សា គណៈ អភិបាលស្រុកមណ្ឌលសីមា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំ ប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលនានា គួរឱ្យកត់សម្គាល់ និងជាពិសេស ការថែរក្សាបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ រដ្ឋបាលស្រុក រដ្ឋបាលឃុំគ្រប់ឃុំ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ ក៏បានខិតខំរួមគ្នាគ្រប់គ្រង់សភាពការណ៍ និងការពារសន្តិសុខ ជូនប្រជាពលរដ្ឋបានយ៉ាង ល្អប្រសើរ ក្នុងអំឡុងពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាពេលកន្លងទៅថ្មីៗនេះ។ កត្តាទាំងនេះហើយបានធ្វើឱ្យ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ធ្វើការវាយតម្លៃជាទូទៅថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងស្របតាមច្បាប់ និងនីតិវិធីនៃការ បោះឆ្នោត។ ក្នុងឱកាសនេះ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាងខ្ញុំសូមសំដែងនូវ ការកោតសំរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ឈេង សុវណ្ណដា អតីតអភិបាល ក្រុងខេមរភូមិន្ទ ដែលបានខិតខំបំពេញការងារក្នុងការចូលរួមដឹកនាំគ្រប់គ្រង កសាងនិង អភិវឌ្ឍន៍ក្រុងខេមរភូមិន្ទ មានភាពរីកចម្រើនលើគ្រប់វិស័យគួរឲ្យកត់ស្គាល់ ដូចដែលបាន រាយការណ៍ អម្បាញ់មិញនេះ។

ជាមួយគ្នានេះ នាងខ្ញុំក៏សូមសំដែងនូវការអបអរសាទរចំពោះ លោក ប្រាក់ វិចិត្រ ដែល ត្រូវបានរាជរដ្ឋាភិបាលផ្ទេរភារកិច្ច អភិបាលនៃគណៈអភិបាលស្រុកមណ្ឌលសីមា មកជា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ នាពេលនេះ។ ខ្ញុំសង្ឃឹមជឿជាក់ថា លោកអភិបាល ក្រុងខេមរភូមិន្ទថ្មី នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយប្រើប្រាស់នូវ ចំណេះដឹង សមត្ថភាព បទពិសោធន៍ និងសក្ដានុពលរបស់ខ្លួន ដើម្បីបន្តដឹកនាំ និងគ្រប់គ្រង រដ្ឋបាលក្រុងខេមរភូមិន្ទ ឲ្យទទួលបានសមិទ្ធិផលថ្មីៗថែមទៀត។ ក្នុងស្មារតីនេះ នាងខ្ញុំស្នើ ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក លោកស្រីអភិបាលរង ក្រុងខេមរភូមិន្ទ មន្ត្រីរាជការនៃរដ្ឋបាលរដ្ឋបាលក្រុងខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធ និង រដ្ឋបាលសង្កាត់ទាំងអស់ សូមផ្ដល់ការគាំទ្រដល់ លោក ប្រាក់ វិចិត្រ ដែលទើបទទួលបាន ការផ្ទេរភារកិច្ចថ្មី ដើម្បីបន្តរួមគ្នាដឹកនាំ និងគ្រប់គ្រងរដ្ឋបាលក្រុងខេមរភូមិន្ទ ថែរក្សានិងពង្រឹង សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាអភិវឌ្ឍ ក្រុងខេមរភូមិន្ទ ឲ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យបន្តទៀត។

នាងខ្ញុំសូមផ្តល់ជាអនុសាសន៍ អំពីកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
ទីមួយ ៖ ការបន្តថរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ៖ ការថែរក្សានិងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតែជាកត្តាគន្លឹះសម្រាប់ជំរុញដល់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ទីពីរ៖ ការបន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺអូវីដ-១៩ ៖ ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ ជំងឺកូវីដ-១៩ បានបង្កឱ្យមានផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។ រាជរដ្ឋាភិបាលបានចាត់ វិធានការនានាដើម្បីគ្រប់គ្រង ឆ្លើយតបបានទាន់ពេលវេលាចំពោះការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ និងបានបើកប្រទេសឱ្យដំណើរការលើគ្រប់វិស័យចាប់ពីចុងឆ្នាំ២០២១ ធ្វើឱ្យសកម្មភាព សេដ្ឋកិច្ចសង្គម មានដំណើរការជាប្រក្រតីឡើងវិញ។

ទីបី៖ ការពង្រឹងការគ្រប់គ្រង និងការការពារធនធានធម្មជាតិ ៖ ដោយសារភូមិសាស្ត្រខេត្តកោះកុងយើង គ្របដណ្ដប់ភាគច្រើនដោយតំបន់ការពារ និង តំបន់អភិរក្ស ដែលតែងតែទទួលរងនូវការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានកាន់កាប់ដីព្រៃ ដីតំបន់ ការពារ និងតំបន់អភិរក្សដោយខុសច្បាប់ ហេតុនេះ ត្រូវលើកកម្ពស់ការគ្រប់គ្រង ថែរក្សាការពារ ធនធានធម្មជាតិ ទ្រព្យសម្បត្តិសាធារណៈ ដោយខិតខំពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដោយត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទឱ្យបានជាប់ជាប្រចាំ។ ទន្ទឹមនេះ ត្រូវរួមគ្នាបង្កើនការផ្សព្វផ្សាយអប់រំ បំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។

ទីបួន៖ អំពីការផ្តល់សេវាសាធារណៈ ៖ ការផ្តល់សេវាសាធារណៈ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់របស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានា របស់ប្រជាពលរដ្ឋ។

ទីប្រាំ៖ ការដឹកនាំ ការគ្រប់គ្រង និងរបៀបរបបការងារ ៖ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកំណត់ឱ្យមាន ក្រុមប្រឹក្សា និងគណៈអភិបាល ដែលជាតួអង្គដឹកនាំដ៏សំខាន់របស់រដ្ឋបាលក្រុង ស្រុក។ ច្បាប់ និងលិខិតបទដ្ឋាននានាដែលពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋានក៏បាន កំណត់អំពីសិទ្ធិអំណាច តួនាទី របៀបរបបការងារ និងខ្សែគណនេយ្យភាពនៃតួអង្គដ៏សំខាន់ ទាំងពីរនេះនៅក្នុងកិច្ចដំណើរការនៃការគ្រប់គ្រងរដ្ឋបាល។
ជាថ្មីម្តងទៀត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្ដែងនូវការកោតសរសើរដោយស្មោះ និងសូមវាយតម្លៃខ្ពស់ទៅលើសមិទ្ធផល ការងារគ្រប់វិស័យរបស់ រដ្ឋបាលក្រុងខេមរភូមិន្ទ នាពេលកន្លងមក និងសូមថ្លែងអំណរ គុណចំពោះគណៈអធិបតី លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញ ចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលក្រុងខេមរភូមិន្ទ នាពេលនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ