ពោធិ៍សាត់ ៖ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលពោធិ៍សាត់ បានអញ្ជើញបើកកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ដោយមានការចូលរួមពី តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក និងមន្ត្រីដែលមានការពាក់ព័ន្ធមួយចំនួនទៀត។
នាឱកាសនោះ ឯកឧត្តម ពៅ ពិសិដ្ឋ បានថ្លែងឱ្យដឹងថា ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់ អំពីបញ្ហាគ្រឿងញៀន ច្បាប់ចរាចរណ៍និងជំងឺអេដស៍ដល់បងប្អូនប្រជាពលរដ្ឋទូទៅនោះ រដ្ឋបាលខេត្តពោធិ៍សាត់មានផែនការថា និងធ្វើការអប់រំផ្សព្វផ្សាយតាមរយៈឃោសនៈស័ព្ទ ឱ្យបានស៊ីជម្រៅអំពីផលប៉ះពាល់ បញ្ហាប្រឈមនៅតាមទីសាធារណៈ និងទីតាំងសំខាន់ៗ ដូចជាសាលារៀន ឱ្យបានជាប់ជាប្រចាំ សំដៅគ្រប់គ្រងបញ្ហាទាំងអស់នេះ ឱ្យមានប្រសិទ្ធភាព។
ឯកឧត្តម បានបន្ថែមថា យើងត្រូវចាំបាច់រួមគ្នាដោះស្រាយ ដោយក្នុងនោះលោកបានដាក់ផែនការដល់ស្នងការរងទទួលផែន សហការទីចាត់ការអន្តរវិស័យ ដើម្បីកសាងផែនការផ្ដោតសំខាន់ ទៅលើការផ្សព្វផ្សាយអប់រំជាកញ្ចប់តែម្ដង។ ដោយរៀបជាឃោសនៈស័ព្ទ ចាក់សារអប់រំផ្សព្វផ្សាយជាប្រចាំ នៅទីសាធារណៈ និងទីតាំងសំខាន់ៗ ទាំងគ្រឹះស្ថានរដ្ឋ និងឯកជន ដើម្បីឱ្យសាធារណៈជន សិស្ស យុវជន បានស្ដាប់យល់ដឹងជ្រូតជ្រាបកាន់តែស៊ីជម្រៅ អំពីផលប៉ះពាល់ បញ្ហាប្រឈម សម្រាប់គ្រួសារ និងសង្គមជាតិ។
ឯកឧត្តម បានស្នើសុំឱ្យគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាទាំងអស់ខាងលើ ព្រោះថាក្រៅពីកិច្ចការងារទប់ស្កាត់ បង្ក្រាប ការអប់រំផ្សព្វផ្សាយឱ្យបានជាប្រចាំ គឺជារឿងសំខាន់ដើម្បីកាត់បន្ថយ ទាំងគ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រឿងញៀន និងបទល្មើសដទៃនានាផ្សេងទៀតផងដែរ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ចំពោះបញ្ហាសន្តិសុខវិញ លោកបានជំរុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវចាប់អារម្មណ៍លើចំណុចកំពូលនៃបទល្មើស ព្រោះថាសកម្មភាពបទល្មើស គឺជនល្មើសជាប្រភេទបុគ្គលដែលងាយធ្លាក់ចូលក្នុងការប្រព្រឹត្តបទល្មើសទាំងនោះ។ ត្រូវកំណត់មុខសញ្ញាបុគ្គលចំណាកស្រុករយៈពេលយូរហើយគ្មានមុខរបរអ្វីឱ្យច្បាស់លាស់ បុគ្គលទើបចេញពីការអនុវត្តទោសនៅពន្ធនាគារជាដើម។
ក្នុងន័យនេះ អភិបាលរងខេត្ត ស្នើសុំឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូង រួមទាំងអង្គភាពពន្ធនាគារ នៅពេលដែលបញ្ចប់ការអនុវត្តទោស សម្រាប់ជនជាប់ឃុំ ទាក់ទងនឹងបទល្មើសប្លន់បទឧក្រិដ្ឋផ្សេងៗ សូមជួយផ្ដល់ដីកា ជូនដល់សមត្ថកិច្ចមូលដ្ឋាន ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាន ដើម្បីឱ្យដឹងថាបុគ្គលទាំងនោះ ធ្លាប់ជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទីតាំងណា ពីឆ្នាំណាដល់ឆ្នាំណា ដើម្បីឱ្យមន្ត្រីយើងឃ្លាំមើលពីសកម្មភាពរបស់ពួកគេបន្ត ព្រោះថាបុគ្គលទាំងនេះហើយ ដែលងាយធ្លាក់ក្នុងការប្រព្រឹត្តបទល្មើសជាថ្មី។ ចំពោះបុគ្គលដែលគ្មានមុខរបរច្បាស់លាស់ ហើយលេងល្បែងស៊ីសង ក៏ងាយនឹងធ្លាក់ចូលក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗដូចគ្នាដែរ៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់