រដ្ឋបាលខេត្តបន្ទាយមានជ័យ ជួបពិភាក្សាការងារជាមួយ រដ្ឋបាលខេត្តស្រះកែវ ដេីម្បីរឹតចំណងមេត្រីភាពរវាងខេត្តទាំង២
August 16, 2022 អ្នកទស្សនា :

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម បរិនញ៉ាពោធីសាធ អភិបាលខេត្តស្រះកែវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការអភិវឌ្ឍចំណងមេត្រីភាពរវាងខេត្តទាំង២។

នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍនៅតាមព្រំដែន ដើម្បីដោះស្រាយបញ្ហារួមគ្នា និងការទប់ស្កាត់ការរីករាលដាលនៃវិវាទ ឬប៉ះពាល់ដល់ការអភិវឌ្ឍលើគ្រប់វិស័យផ្សេងៗ។ កន្លងមកភាគីទាំង២ តែងតែមានកិច្ចប្រជុំប្តូរវេនគ្នា ការធ្វើទស្សកិច្ចសិក្សា និងការពិភាក្សាដោះស្រាយ ដើម្បីទប់ស្កាត់នូវបទល្មើសឆ្លងដែន ដូចជា៖ ឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការរត់ពន្ធទំនិញខុសច្បាប់ និងទំនិញខូចគុណភាព ជាដើម។

ក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរ ក៏បានជំរុញការពង្រឹងធ្វើឱ្យប្រសើរថែមទៀតនូវចំណងមេត្រីភាពលើគ្រប់ផ្នែក ឱ្យបានរឹងមាំថែមទៀត ដោយរក្សាឱ្យបាន និងគោរពយ៉ាងខ្ជាប់ខ្ជួននូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី និងមានការទំនាក់ទំនងល្អវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សិក្សាធិការ សុខាភិបាល ទេសចរណ៍ វប្បធម៌ កីឡា និងសាសនា ជាដើម។

លើសពីនេះ ភាគីទាំងពីរ បានឯកភាពកំណត់យកច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខ្លងឡឹកជាច្រកសម្រាប់ប្រគល់ទទួលពលករកម្ពុជា ដែលមានបំណងវិលត្រឡប់ចូលមកកម្ពុជា និងបិទទីតាំងប្រគល់ទទួលពលករនៅច្រករបៀងអូរបីជាន់ និងអនុវត្តចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២តទៅ។ ភាគីទាំងពីរ បានឯកភាពអនុញ្ញាតឱ្យរថយន្ត និងយានយន្តគ្រប់ប្រភេទនៃប្រទេសទាំងពីរ ដែលមានឯកសារគ្រប់គ្រាន់អាចធ្វើដំណើរចេញចូលតាមច្រកទ្វារព្រំដែននៃខេត្តទាំងពីរ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២តទៅ។ ភាគីទាំងពីរ បានគាំទ្រការបើកឱ្យដំណើរការច្រកអន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់នឹងច្រកបានណងអៀន ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីផលប្រយោជន៍ពាណិជ្ជកម្មឆ្លងព្រំដែន និងគាំទ្រការបើកច្រក ព្រំដែនអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់នឹងច្រកព្រំដែនប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។

ភាគីទាំងពីរ បានឯកភាពគ្នាគាំទ្រដំណើរការបើកច្រកទ្វារព្រំដែនបង្គោលសីមាលេខ៤៣ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់នឹងច្រកទ្វារព្រំដែនណងម៉ាក់ម៉ូន ឃុំណងម៉ាក់ម៉ូន ស្រុកគោកធ្យូង ខេត្តស្រះកែវ។ ភាគីទាំងពីរ ក៏មានឆន្ទៈក្នុងការរួមសហការគ្នាអនុញ្ញាតឱ្យរថយន្តសង្គ្រោះបន្ទាន់ ឬរថយន្តសម្រាប់ដឹកអ្នកជំងឺនៃប្រទេសទាំងពីរ ដែលបានឯកភាព និងទាក់ទងការងារនៅការិយាល័យកណ្តាល ក្នុងការបញ្ជូនអ្នកជំងឺឆ្លងប្រទេស (ការិយាល័យកណ្តាលប៉ោយប៉ែត-អារញ្ញប្រាថេត) ដោយផ្អែកទៅលើការយោគយល់គ្នាទៅវិញទៅមកផ្អែកលើលក្ខខណ្ឌ នៃការប្រើប្រាស់លិខិតឆ្លងដែន ឬប័ណ្ណព្រំដែនលើកលែង ក្នុងករណីបន្ទាន់ក្នុងការបញ្ជូនអ្នកជំងឺឆ្លងប្រទេសដោយត្រូវបញ្ជូនអ្នកជំងឺទៅមុន និងធ្វើការបញ្ជូនឯកសារតាមក្រោយ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ