រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
August 16, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកំលាំងទាំងបី មន្ទីរ វិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវអភិវឌ្ឍសមត្ថភាពខ្លួន លើផ្នែកបច្ចេកវិទ្យាដើម្បីងាយស្រួលក្នុងការទទួលព័ត៌មាន និងបម្រើសេវាបានឆាប់រហ័សជូនប្រជាពលរដ្ឋ។ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តថា មកដល់ពេលបច្ចុប្បន្ននេះ បច្ចេកទេសឧស្សាហកម្ម កំពុងតែវិវឌ្ឍន៍ទៅមុខ ប៉ុន្តែនៅមានមន្ត្រីយើងខ្លះ សូម្បីតែហ្វេសប៊ុកមិនទាន់ចេះលេងផង ឬមិនចេះប្រើទូរស័ព្ទស្មាតហ្វូនតែម្តង ដែលប្រការនោះធ្វើឱ្យការងារដើរមិនទាន់បច្ចេកវិទ្យា។

ឯកឧត្តម អភិបាលខេត្តបន្តថា បច្ចុប្បន្ននេះ គឺគេប្រើប្រព័ន្ធបច្ចេកវិទ្យា តាមអនឡាញ ដើម្បីជូនដំណឹង ឬទំនាក់ទំនងការងារផ្សេងៗ តាមកម្មវិធី Telegram ឬ WhatsApp គឺធ្វើឱ្យទទួលព័ត៌មានបានលឿន និងធ្វើការងារបានឆាប់រហ័ស។ ដូច្នេះតម្រូវឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ក្នុងខេត្តកំពង់ចាម ចាំបាច់ត្រូវចេះ និងត្រូវមានការវិវឌ្ឍន៍ខ្លួនដល់កម្រិតមួយ ដែលយើងអាចទទួលព័ត៌មាន ឬផ្ដល់សេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស ដើម្បីឈានឆ្ពោះទៅរកការរីកចម្រើន នៃការបំពេញមុខងាររបស់យើង ជាមន្ត្រីរាជការឱ្យសាកសមជាមន្ត្រី បម្រើប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ