ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ ជូនមន្ត្រីរាជការ នៅខេត្តកោះកុង តាមប្រព័ន្ធទំនាក់ទំនង (Zoom)
August 16, 2022 អ្នកទស្សនា :

នាថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ ជូនមន្ត្រីរាជការ នៅខេត្តកោះកុង តាមប្រព័ន្ធទំនាក់ទំនង (Zoom) អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គនេះពីសំណាក់ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងមានការចូលរួមពី លោកស្រី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាឌីជីថលកម្ពុជា លោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកោះកុង និងលោក គ្រូ អ្នកគ្រូ ឧទ្ទេស ព្រមទាំងក្រុមការងាររបស់វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាឌីជីថលកម្ពុជា។

លោកអភិបាលរង បានមានប្រសាសន៍ ថ្លែងអំណរគុណ ចំពោះលោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាឌីជីថលកម្ពុជា លោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកោះកុង និងលោក គ្រូ  អ្នកគ្រូ ឧទ្ទេស ព្រមទាំងក្រុមការងាររបស់វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាឌីជីថលកម្ពុជា លោក លោកស្រី មន្ត្រីរាជការ ដែលអញ្ជើញមកពីរដ្ឋបាលខេត្ត មន្ទីរ អង្គភាពនានា ជុំវិញខេត្តទាំងអស់ ២៩ អង្គភាព ដែលមានចំនួន ៩៧ នាក់ថា ថ្ងៃនេះ ខ្ញុំបាទមានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតី តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ ដែលសហការរៀបចំឡើងដោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកោះកុង និងវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាឌីជីថលកម្ពុជានាពេលនេះ។

ក្នុងនាម លោកជំទាវ នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ថ្នាក់ដឹកនាំរបស់វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាឌីជីថលកម្ពុជា ជាពិសេស ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលយកចិត្តទុកដាក់បើក វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ ជូនដល់មន្ត្រីរាជការដែលអញ្ជើញមកពីរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពនានា ជុំវិញខេត្តកោះកុង។ ដូចនេះលោក លោកស្រី ជ្រាបហើយថា បច្ចេកវិទ្យាឌីជីថល បាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស ព្រមទាំងបាន និងកំពុងកែប្រែទម្លាប់នៃការរស់នៅប្រចាំថ្ងៃ របៀបនៃការធ្វើធុរកិច្ច និងការបំពេញការងារក្នុងគ្រប់វិស័យសេដ្ឋកិច្ច និងសង្គម។

ក្នុងកំឡុងវិបត្តិនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ការចាប់យកបច្ចេកវិទ្យាឌីជីថលមានសន្ទុះកាន់តែខ្លាំងពីគ្រប់តួអង្គ ជាពិសេស ក្នុងចំណោមសិស្ស-និស្សិត មន្ត្រីរាជការ ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ច និងប្រជាពលរដ្ឋទូទៅ ដើម្បីសម្របខ្លួនទៅនឹងវិធានការសុខាភិបាល និងដើម្បីចាប់យកកាលានុវត្តភាព នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។ ជាពិសេស ក្នុងវិស័យសាធារណៈ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ត្រូវបានប្រើប្រាស់ច្រើនឡើងៗ នៅតាមក្រសួង ស្ថាប័ន សាធារណៈ នៃប្រទេសកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងបរិបទថ្មីនៃការរីកចម្រើននៃបច្ចេកវិទ្យា រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយ រដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ក្នុងគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម។

ការអនុវត្តគោលនយោបាយបានល្អប្រសើរ លុះត្រាតែមានធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាព។ នេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបណ្ឌិត្យសភា ឌីជីថលកម្ពុជា ដែលបានសហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកោះកុង រៀបចំវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ នេះឡើង។ កម្មវិធីទាំងអស់នេះ សុទ្ធសឹងតែជាតម្រូវការចាំបាច់ក្នុងការងារ និងជីវភាពប្រចាំថ្ងៃ ដូចនេះសូមអស់លោក លោកស្រី នាងកញ្ញា ដែលជាសិក្ខាកាមត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់បទ ឧទ្ទេសនាម របស់លោកគ្រូ អ្នកគ្រូ ដើម្បីទទួលយកចំណេះដឹងថ្មីៗ និងដើម្បីឆ្លងកាត់ការប្រឡង ទទួលយកវិញ្ញាបនបត្រ ដែលមានតម្លៃបញ្ជាក់អំពីសមត្ថភាពជំនាញ និងចំណេះដឹងឌីជីថល ដែលនឹងទទួលបានអំពី វគ្គបណ្ដុះបណ្ដាលនៅពេលនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ