រដ្ឋបាលខេត្តស្វាយរៀងរៀបចំកិច្ចប្រជុំទ្វេភាគីស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការពារកុមារឆ្លងដែនកម្ពុជា-វៀត​ណាម
October 03, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ០៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ នៅ ខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំទ្វេភាគីស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការពារកុមារឆ្លងដែនរវាងខេត្ត ស្វាយរៀង (កម្ពុជា) ជាមួយខេត្តឡុងអាន ខេត្តតៃនិញ និងទីក្រុងហូជីមិញ (វៀតណាម) ក្រោមអធិបតីភាព ឯក ឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្ដម អ៊ឹម ហេន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ឯកឧត្ដម ជិន វ៉ាន់ចៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ និងលោកស្រី ង្វៀន ធីបាច់ហ្វេ នាយិ ការងមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្តឡុងអាន ព្រមទាំងអាជ្ញាធរជាប់ព្រំដែន សមត្ថកិច្ច និងមន្ត្រី ជំនាញពាក់ព័ន្ធរបស់ភាគីទាំងពីរកម្ពុជា-វៀតណាម ប្រមាណជិត ១០០រូប។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៃខេត្តតៃនិញ ខេត្តឡុងអាន និងក្រុងហូជីមិញ (វៀតណាម) ក៏ដូចជា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ដែលបានសហការយ៉ាងល្អប្រសើរ ជាមួយនឹងខេត្តស្វាយរៀង នៅ ក្នុងការគាំពារ និងសម្របសម្រួលការបញ្ជូនត្រឡប់មកវិញនូវកុមារកម្ពុជា ដែលបានឆ្លងដែនទៅប្រកបរបរផ្សេងៗ នៅប្រទេសវៀតណាម ប្រកបដោយសន្តិសុខសុវត្ថិភាព ស្របទៅតាមខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃប្រទេសពីរកម្ពុជា-វៀតណាម ។

ជាមួយនេះ ឯកឧត្ដម ក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការសហការរៀបចំកិច្ចប្រជុំនៅថ្ងៃនេះ ដែលនឹងចូល រួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែង ពិនិត្យ និងធ្វើបច្ចុប្បន្នភាព លើរាល់បណ្ដាសកម្ម ភាព ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមដែលភាគីពាក់ព័ន្ធទាំងពីរបានអនុវត្ត នាពេលកន្លងមក ក្នុងកិច្ច គាំពារកុមារឆ្លងដែន ដើម្បីឈានទៅលើការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព ហើយតាមរយៈការ ចូលរួមមតិយោបល់របស់កិច្ចប្រជុំ ក៍នឹងផ្ដល់ជាធាតុចូលដ៏សំខាន់ នៅក្នុងការរៀបចំផែនការសកម្មភាពមួយជាក់ លាក់ សម្រាប់ជំរុញកិច្ចការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចពលកម្មកុមារ ឆ្លងដែនលើគ្រប់ទម្រង់ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕អែមមី

ប្រភពៈ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ