លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ
September 20, 2022 អ្នកទស្សនា :

នាថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួន នាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សា គណៈ អភិបាលស្រុកបូទុមសាគរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំ ប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលនានា គួរឲ្យកត់សម្គាល់ និងជាពិសេស ការថែរក្សាបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលន ជំងឺកូវីដ-១៩ ព្រមទាំងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ រដ្ឋបាលស្រុក រដ្ឋបាលឃុំគ្រប់ឃុំ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏បានខិតខំរួមគ្នាគ្រប់គ្រង់សភាពការណ៍ និងការពារសន្តិសុខ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ក្នុងអំឡុងពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាពេលកន្លងទៅថ្មីៗនេះ។ កត្តាទាំងនេះហើយបានធ្វើឱ្យ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ធ្វើការវាយតម្លៃជាទូទៅថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងស្របតាមច្បាប់ និងនីតិវិធីនៃការ បោះឆ្នោត។

នាងខ្ញុំសូមសំដែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ហាក់ ឡេង អតីតអភិបាលស្រុកបូទុមសាគរ ដែលបានខិតខំបំពេញការងារក្នុងការចូលរួមដឹកនាំគ្រប់គ្រង កសាងនិងអភិវឌ្ឍន៍ស្រុកបូទុមសាគរ មានភាពរីកចម្រើនលើគ្រប់វិស័យគួរឲ្យកត់ស្គាល់ ដូចដែលបានរាយការណ៍ អម្បាញ់មិញនេះ។ ជាមួយគ្នានេះ នាងខ្ញុំក៏សូមសំដែងនូវការអបអរសាទរចំពោះ លោក ក្រូច បូរីសីហា ដែលត្រូវបានរាជរដ្ឋាភិបាលផ្ដល់សេចក្តីទុកចិត្តតែងតាំងមុខតំណែង ជាអភិបាលស្រុកបូទុមសាគរ នាពេលនេះ។ ខ្ញុំសង្ឃឹមជឿជាក់ថា លោកអភិបាលស្រុកថ្មី នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយប្រើប្រាស់នូវចំណេះដឹង សមត្ថភាព បទពិសោធន៍ និងសក្ដានុពល របស់ខ្លួន ដើម្បីបន្តដឹកនាំ និងគ្រប់គ្រងរដ្ឋបាលស្រុក ឲ្យទទួលបានសមិទ្ធិផលថ្មីៗថែមទៀត។

ក្នុងស្មារតីនេះ នាងខ្ញុំស្នើ ក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក មន្ត្រីរាជការ នៃរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលឃុំទាំងអស់ សូមផ្ដល់ការគាំទ្រដល់លោក ក្រូច បូរីសីហា ដែលទើបទទួលបានការតែងតាំងថ្មី ដើម្បីបន្តរួមគ្នាដឹកនាំ និងគ្រប់គ្រងរដ្ឋបាលស្រុក ថែរក្សានិងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំ រួមគ្នាអភិវឌ្ឍស្រុកបូទុមសាគរ ឱ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យបន្តទៀត។

ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមផ្តល់ជាអនុសាសន៍ អំពីកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
ទីមួយ៖ ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ : ការថែរក្សានិងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតែជាកត្តាគន្លឹះសម្រាប់ជំរុញដល់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ អាស្រ័យហេតុ នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់លើការងារសំខាន់ៗ ដូចខាងក្រោម៖
-គណៈបញ្ជាការឯកភាព ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពប៉ុន ប៉ងបង្កឱ្យមានភាពចលាចលវឹកវរ និងអសន្តិសុខនៅក្នុងមូលដ្ឋាន។
-ត្រូវយកចិត្តទុកដាក់អប់រំណែនាំ និងបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេល វេលានូវរាល់សកម្មភាពបំផុសបំផុល ការផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗដែល មានចរិតអុចអាល បង្កឱ្យមានហិង្សាក្នុងសង្គម និងខិតខំបំផុតអប់រំប្រជាពលរដ្ឋឱ្យចូលរួម គោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងជៀសវាង ការចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលផ្ទុយពីច្បាប់ ក៏ដូចសកម្មភាពដែលប៉ះពាល់ដល់ សន្តិភាព និង់ស្ថិរភាពនយោបាយ។
-ជំរុញ និងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" របស់រាជរដ្ឋាភិបាល ដែលមានលក្ខណសម្បត្តិ ០៧យ៉ាង ឲ្យកាន់តែ មានប្រសិទ្ធភាពថែមទៀតក្នុងមូលដ្ឋាន។

ទីពីរ៖ ការបន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ : ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ ជំងឺកូវីដ-១៩ បានបង្កឱ្យមានផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។ រាជរដ្ឋាភិបាលបានចាត់ វិធានការនានាដើម្បីគ្រប់គ្រង ឆ្លើយតបបានទាន់ពេលវេលាចំពោះការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ និងបានបើកប្រទេសឱ្យដំណើរការលើគ្រប់វិស័យចាប់ពីចុងឆ្នាំ២០២១ ធ្វើឱ្យសកម្មភាព សេដ្ឋកិច្ចសង្គម

មានដំណើរការជាប្រក្រតីឡើងវិញ។ អាស្រ័យហេតុនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនការ យកចិត្តទុកដាក់ក្នុងការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ “៣ការពារ ៣កុំ" ឱ្យបានជាប់ជាប្រចាំក្នុងជីវភាពសំង្គម ព្រមទាំងត្រូវខិតខំណែនាំ និងជំរុញដល់ប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូស ជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍ ដែល ធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសកម្មភាពសេដ្ឋកិច្ច សង្គម ។

ទីបី៖ ការពង្រឹងការគ្រប់គង និងការការពារធនធានធម្មជាតិ : ដោយសារភូមិសាស្ត្រខេត្តកោះកុងយើង គ្របដណ្ដប់ភាគច្រើនដោយតំបន់ការពារ និង តំបន់អភិរក្ស ដែលតែងតែទទួលរងនូវការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានកាន់កាប់ដីព្រៃ ដីតំបន់ ការពារ និងតំបន់អភិរក្សដោយខុសច្បាប់ ហេតុនេះ ត្រូវលើកកម្ពស់ការគ្រប់គ្រង ថែរក្សាការពារ ធនធានធម្មជាតិ ទ្រព្យសម្បត្តិសាធារណៈ ដោយខិតខំពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដោយត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទឱ្យបានជាប់ជាប្រចាំ។ ទន្ទឹមនេះ ត្រូវរួមគ្នាបង្កើនការផ្សព្វផ្សាយអប់រំ បំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។

ទីបួន៖ អំពីការផ្តល់សេវាសាធារណៈ : ការផ្តល់សេវាសាធារណៈ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់របស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានា របស់ប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះ រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
-ត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ តាមរយៈការិយាល័យច្រកចេញចូលតែមួយ និងយន្តការច្រកចេញចូលតែមួយ ដោយត្រូវយកចិត្ត ទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវានានា កាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។
-ចំពោះរដ្ឋបាល ឃុំ ត្រូវពង្រឹងតួអង្គស្នួលចំនួន៥ ឱ្យលើកកម្ពស់ការបម្រើសេវានានាជូន ប្រជាពលរដ្ឋ ក្នុងនោះរួមមាន (១)មេឃុំ (២)ស្មៀនឃុំ (៣)ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ (៤)មណ្ឌល

សុខភាព ឬប៉ុស្តិ៍សុខភាព និង(៥)មេភូមិ។ តួអង្គទាំង៥ នេះ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនក្នុងផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អប្រសើរប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យ ទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព និងមិនត្រូវមានការរើសអើង ការបែងចែក បក្សពួក និងនិន្នាការនយោបាយនោះឡើយ។

ទីប្រាំ៖ ការដឹកនាំ ការគ្រប់គ្រង និងរបៀបរបបការងារ : ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកំណត់ឱ្យមាន ក្រុមប្រឹក្សា និងគណៈអភិបាល ដែលជាតួអង្គដឹកនាំដ៏សំខាន់របស់រដ្ឋបាលក្រុង ស្រុក។ ច្បាប់ និងលិខិតបទដ្ឋាននានាដែលពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋានក៏បាន កំណត់អំពីសិទ្ធិអំណាច តួនាទី របៀបរបបការងារ និងខ្សែគណនេយ្យភាពនៃតួអង្គដ៏សំខាន់ ទាំងពីរនេះនៅក្នុងកិច្ចដំណើរការនៃការគ្រប់គ្រងរដ្ឋបាល ដូច្នេះ នាងខ្ញុំសូមគូសបញ្ជាក់អំពី តួនាទី និងការទទួលខុសត្រូវរវាងតួអង្គទាំងពីរនេះដូចខាងក្រោម៖ ក្រុមប្រឹក្សាគឺជាតួអង្គមួយខ្ពស់បំផុតនៅក្នុងរដ្ឋបាលក្រុង ស្រុក ដែលបំពេញការងារជា ក្រុម ហើយប្រធានក្រុមប្រឹក្សាមានតួនាទី ជាអ្នកសម្របសម្រួលដឹកនាំអង្គប្រជុំឱ្យប្រព្រឹត្តទៅ តាមរបៀបវារៈ និងបទបញ្ជាផ្ទៃក្នុងនៃក្រុមប្រឹក្សារបស់ខ្លួនដែលបានកំណត់។ ចំណែក គណៈអភិបាលត្រូវចូលរួមរាល់កិច្ចប្រជុំក្រុមប្រឹក្សា និងមានភារកិច្ចផ្តល់យោបល់ រាយការណ៍ ជូនក្រុមប្រឹក្សា ក្នុងនាមជាអ្នកអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាទាំងសេចក្ដីសម្រេចខាង បញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ និងត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សារបស់ខ្លួន។ ទន្ទឹមនឹងការអនុវត្តតួនាទីក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលមានតួនាទីអនុវត្តមុខងារ ផ្សេងៗទៀតដែលរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ថ្នាក់ជាតិ បានធ្វើប្រតិភូកម្មមកឱ្យ ដូចជា ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រង និងចាត់ចែងមន្ត្រីជាដើម។ ក្រុមប្រឹក្សា និងគណៈអភិបាលត្រូវខិតខំអនុវត្តឱ្យបានត្រឹមត្រូវនូវសិទ្ធិអំណាច តួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមគោលការណ៍ដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានជាធរមាន ក្នុងនោះ ប្រធាន ក្រុមប្រឹក្សា និងអភិបាលត្រូវរក្សាសាមគ្គីភាព ដោយត្រូវធ្វើការសម្របសម្រួល ពិភាក្សា ដើម្បី ដោះស្រាយលើបញ្ហាសំខាន់ៗរបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អ ប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ