ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចុះពិនិត្យផ្ទៀងផ្ទាត់លើការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល មុននឹងបញ្ចូលជាក្រុង ODF ជាផ្លូវការ
September 13, 2022 អ្នកទស្សនា :

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យផ្ទៀងផ្ទាត់ អំពីស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF  នៅក្រុងតាខ្មៅ ក្នុងសង្កាត់គោលដៅចំនួន២ គឺ សង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកហូរ  ដោយមានការចូលរួមពី លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ និងមន្ត្រីជំនាញជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម នុត ពុធដារ៉ា បានថ្លែងថា ក្នុងខែកញ្ញានេះ រដ្ឋបាលខេត្ត និងមន្ទីរជំនាញនឹងចុះផ្ទៀងផ្ទាត់លើការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ឱ្យបានចប់សព្វគ្រប់ទាំង១១ ក្រុង-ស្រុក ក្នុងខេត្ត ត្រៀមស្មើទៅក្រសួង ចុះមកពិនិត្យវាយតម្លៃជាផ្លូវការថាខេត្តកណ្ដាលពិតជាខេត្ត  ODF ជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស។

ឯកឧត្តម បានបន្តថា ដើម្បីធ្វើឱ្យខេត្តកណ្ដាលក្លាយជាខេត្ត ODF មានន័យថាប្រជាពលរដ្ឋក្នុងខេត្តទាំងទូទាំងខេត្តកណ្ដាល គឺមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ បញ្ឈប់បានទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាល ទាំងការចិញ្ចឹមសត្វពាហនៈ មាន់ទាក៏ត្រូវមានទ្រុងដាក់ សំអាតលាមកជាប្រចាំ គឺចាំបាច់ទាមទារឱ្យអាជ្ញាធរ ភូមិ-ឃុំ-ស្រុក ត្រូវតែខិតខំចុះផ្សព្វផ្សាយអប់រំណែនាំ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានការយល់ដឹងខ្ពស់អំពីសុខភាព ភាពស្អាត និងអនាម័យ ត្រូវធ្វើយ៉ាងណាជំរុញឱ្យប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ ចេះធ្វើអនាម័យខ្លួនប្រាណ សម្អាតដៃជាប្រចាំជាមួយសាប៊ូ និងចេះសម្អាតបរិស្ថានជុំវិញផ្ទះផងដែរ។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ការចុះផ្ទៀងផ្ទាត់ ODF នៅក្រុងតាខ្មៅនាពេលនេះ គឺជាការចុះវាយតម្លៃដោយថ្នាក់ខេត្ត ហើយនៅពេលបន្តិចទៀតនេះខាងក្រសួងអភិវឌ្ឍន៍ជនបទ នឹងចុះមកវាយតម្លៃខេត្តវិញម្ដង នៅក្នុងការចុះនោះក្រសួងមិនបានឱ្យយើងបានដឹងមុនថាត្រូវចុះនៅទីតាំង ភូមិ ឃុំ ស្រុកណាមួយនោះទេ ដូច្នេះអាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវត្រៀមខ្លួនឱ្យរួចរាល់ គ្រប់លក្ខខណ្ឌដែលជាសូរចណាករ របស់ក្រសួងក្នុងការចុះវាយតម្លៃ ត្រូវប្រាកដថាក្នុងមូលដ្ឋានរបស់ខ្លួនគឺនៅតាមក្នុងផ្ទះរបស់ប្រជាពលរដ្ឋ សាលារៀន សាលាឃុំ សាលាស្រុក ត្រូវមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ មានភាពស្អាត មិនមានក្លិន មានទឹក និងសាប៊ូ មានបរិស្ថានស្អាត សំដៅធ្វើឱ្យការចុះវាតម្លៃ ODF ក្នុងខេត្តកណ្ដាលទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានឱ្យដឹងថា ខេត្តកណ្តាលទទួលបាន ODF ចំនួន ៤ស្រុករួមហើយដែលបានប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងអភិវឌ្ឍន៍ គឺមាន៖ ស្រុកអង្គស្នួល កណ្តាលស្ទឹង លើកដែក  និងស្រុកខ្សាច់កណ្តាល ហើយនាពេលថ្មីៗនេះ ស្រុកល្វាឯម ស្រុកកោះធំ និងស្រុកពញាឮត្រូវបានជាប់ជាស្រុក ODF ផងដែរ ក្នុងក្របខ័ណ្ឌផ្ទៃក្នុងរបស់ខេត្ត ដែលមិនទាន់ធ្វើលិខិតបញ្ជូនទៅក្រសួងធ្វើការប្រកាសជាផ្លូវការ ជំហ៊ានបន្ទាប់ ក្រុមការងារនឹងបន្តចុះផ្ទៀងផ្ទាត់ ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅស្រុកកៀនស្វាយ។

នាឱកាសនោះដែរ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានចុះមកចុះផ្ទៀងផ្ទាត់ អំពីស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅក្រុងតាខ្មៅ រដ្ឋបាលក្រុងនឹងផ្ដល់កិច្ចសហការយ៉ាងពេញទំហឹងជាមួយមន្ទីរ និងអាជ្ញាធរខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ