រដ្ឋបាលខេត្តកំពង់ធំប្រជុំការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ
October 01, 2018 អ្នកទស្សនា :

អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ បានខិតខំអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការអនុវត្តនូវភារកិច្ចទាំងនេះ មិនអាចល្អឥតខ្ចោះនោះទេ តែងតែមានភាពខ្វះចន្លោះដោយប្រការណាមួយដោយអចេតនា ដោយកំហុសបច្ចេកទេស ឬដោយសារកម្រឹតយល់ដឹងអំពីការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា ដែលថ្នាក់លើបានដាក់ចុះ។

ក្នុងពិធីបើកការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម រស់ វរុណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកចន្ទ ០៧រោចខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា តាមរយៈការធ្វើអធិការកិច្ចព្រឹកនេះ គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចំាងឲ្យឃើញនូវចំណុចខ្លំាង បញ្ហាប្រឈមនានា ដែលយើងបានជួបប្រទះ ហើយដែលក្រុមការងារបានរកឃើញ និងផ្តល់នូវអនុសាសន៍ជាមូលដ្ឋានសម្រាប់យើងបានកែលម្អឡើងវិញ ដែលជាការរួមចំណែកលើកកម្ពស់នូវការអនុវត្តតួនាទី ភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម រស់ វរុណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ការងារអធិការកិច្ច ជាការងារដែលលំបាកស្មុគស្មាញ ដែលទាមទារឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួង ស្ថាប័ន ត្រូវមានសមត្ថភាព និងជំនាញច្បាស់លាស់ ក្នុងកិច្ចការបច្ចេកទេសអធិការកិច្ច និងសមត្ថភាពច្បាប់ ព្រមទាំងមានសីលធម៌ស្អាតស្អំ។ ឯកឧត្តមបន្ថែមទៀតថា កន្លងមកនេះ ក្រសួងបានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវដើម្បី ទប់ស្កាត់ការរំលោភ ដោយអំណាច និងរួមចំណែកប្រឆាំងអំពើពុករលួយ។

ជាមួយគ្នានោះដែរ ក្រសួងបានអង្កេតស្រាវជ្រាវ នៅតាមក្រសួងស្ថាប័ន អង្គភាពជាតិ និងនៅថ្នាក់ក្រោមជាតិ ដោយបានរកឃើញចំណុចខ្វះខាត និងភាពអសកម្ម មួយចំនួន និងបានធ្វើការកែតម្រូវ ដោយបានធ្វើសេចក្តីណែនាំជាលិខិតបទដ្ឋានគតិយុត្តិជាច្រើន ជូនដល់បណ្តាក្រសួង ស្ថាប័ន ដែលមានបញ្ហាឲ្យកែលម្អនូវរាល់ចំណុចខ្វះខាតទាំងឡាយ ដូចជា កិច្ចការរដ្ឋបាលការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ជម្រុញប្រសិទ្ធភាព ផលិតភាព និងគុណភាពសេវាសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ