ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា វិស័យទេសចរណ៍ខេត្តព្រះសីហនុ បានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជម្រុញវិស័យសេដ្ឋកិច្ច ឱ្យកាន់តែមានភាពរីកចម្រើនឈានឡើងជា លំដាប់។ ដោយឡែកចំពោះសេវាកម្មសម្បទាទេសចរណ៍វិញ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ទាំង សណ្ឋាគារកំរិតជាតិ និងកំរិតអន្តជាតិ ដែលបច្ចុប្បន្ននេះ ខេត្តមានមូលដ្ឋានអាជីវកម្មសរុបចំនួន៨៧០ទីតាំង កើន ឡើង៨៣ទីតាំង ស្មើនឹង ១០.៥៥% បើប្រៀបធៀបនឹង ៩ខែ ក្នុងឆ្នាំ២០១៧ ខេត្តមានសណ្ឋាគារត្រឹមតែចំនួន ៨៨ ផ្ទះសំណាក់ចំនួន ៣១១ បឹងហ្គាឡូ ១០ ភោជនីយដ្ឋាន និងអាហារដ្ឋាន ២៩១ និងបណ្តាមូលដ្ឋានអាជីវកម្មផ្សេង ៗ ទៀតជាច្រើនកន្លែង។
ឯកឧត្តមអភិបាលមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលខេត្តព្រះសីហនុបានប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៨ ក្រោមប្រធានបទៈ “ទេសចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល” ក្រោមអធិបតីភាព ឯក ឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវ នឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារព្រីនស៍ ថែម ក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមអភិបាលបន្តថា ខេត្ត ព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកនិងប្រកាសប្រែក្លាយ ខេត្តព្រះសីហនុទៅជា “តំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង” ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥។
ឯកឧត្តមអភិបាលបន្ថែមថា រដ្ឋបាលខេត្តក៏បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសំអាតបរិស្ថាន។ ជាពិសេស បានចូលរួមអនុវត្តនូវយុទ្ធនាការ ផ្សព្វផ្សាយទេសចរណ៍ ”កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ” ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង “ទីក្រុង ស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ចូលរួមចលនាប្រឡងប្រណាំង ”ឆ្នេរខ្សាច់កម្សាន្តស្អាត” និងទស្សនទាន “ទេសចរណ៍បៃតង”ផងដែរ។ ឯកឧត្តមអភិបាលបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងបន្តខិតខំប្រឹងប្រែង បង្កើតរមណីយដ្ឋានថ្មីៗ កែលម្អឆ្នេរខ្សាច់កម្សាន្ត កែលម្អសោភ័ណភាពទីក្រុង ដាំដើមឈើក្នុងទីក្រុង និងបង្កើត សកម្មភាពទេសចរណ៍ដទៃៗទៀត ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់បំពេញតម្រូវការភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលមកទស្សនា និងសំរាកលំហែរ នៅខេត្តព្រះសីហនុ៕