ព្រឹកថ្ងៃសុក្រ ០៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ “ វឌ្ឍនភាពនៃការអនុវត្តការងារលំនៅឋាន” ក្រោមអធិបតីភាព ឯកឧត្តម សេង ថានី អនុរដ្ឋលេខាធិការ តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលរៀបចំដោយ នាយកដ្ឋានបទប្បញ្ញត្តិ ផែនការ និងទំនាក់ទំនង សហប្រតិបត្តិការការងារលំនៅឋាន នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ការសាងសង់លំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ក៏មានបញ្ហាខ្លះៗទាក់ទងនឹងការរស់នៅ តាំងទីលំនៅមិនស្របច្បាប់មួយចំនួនលើដីសាធារណៈរបស់រដ្ឋ ជាក់ស្តែងនៅក្នុងក្រុងបាត់ដំបង មានសំណង់បណ្តោះអាសន្នប្រមាណ ៦០កន្លែង ដែលប្រជាពលរដ្ឋកំពុងបន្តរស់នៅ ដូចជាតំបន់ដីគ្រោងសួនច្បារព្រែកព្រះស្តេច ពេទ្យធំ នៅមុខវត្តកណ្តាល នៅម្តុំស្ទឹងភូមិចិន និងនៅក្បែរវិមានសពជាដើម ។ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ទោះជាយ៉ាងនេះក៏ដោយ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធនៅតែបន្តខិតខំរកវិធីសម្របសម្រួលដោះស្រាយ ដោយមិនព្រងើយកន្តើយឡើយ និងព្យាយាមដោះស្រាយជូនពួកគាត់តាមលទ្ធភាព ដែលអាចធ្វើទៅបាន ។ ឯកឧត្តម ក៏បន្តទៀតថា តាមរយៈសិក្ខាសាលាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់នេះ នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ ពីវាគ្មិន ដែលមានបទពិសោធន៍មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសូមសំណូមពរ ឲ្យមន្រ្តីដែលជាអ្នកអនុវត្ត ព្រមទាំងសិក្ខាកាមដែលបានអញ្ជើញចូលរួមសិក្ខាសាលានេះ យកចិត្តទុកដាក់ និងផ្តល់យោបល់ ពិភាក្សាឲ្យបានផុលផុសបន្ថែមទៀត ៕