ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង​អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​និងណែនាំអំពី​ការរៀប​ចំសោភ័ណ​ភាព សណ្តាប់ធ្នាប់ ការរៀបចំសំយ៉ាបផ្ទះ ចំណតរថយន្តក្នុងក្រុងបាត់ដំបង
July 14, 2022 អ្នកទស្សនា :

នៅរសៀលថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត​បាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំអំពីការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ ការរៀបចំសំយ៉ាបផ្ទះ និងចំណតរថយន្តក្នុងក្រុងបាត់ដំបង ដោយមានការអញ្ជើញ​ចូ​​លរួមពីលោកអភិ​បា​ល​រងខេត្ត លោកអភិបាលក្រុងមន្រ្ដីរាជការសាលាខេត្ត និងប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងអំពីការរៀបចំសណ្ដាប់ធ្នាប់ ការ​រៀប​ចំសំយ៉ាបផ្ទះ និងចំណតរថយន្ត ថាគោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយនេះ គឺដើម្បីផ្សព្វផ្សាយ​ជូ​ន​ប្រជាពលរដ្ឋឱ្យមានការយល់ដឹងជាមុនសិន អំពីការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ ការរៀបចំសំ​យ៉ាប​​ផ្ទះ មុននឹងឱ្យប្រជាពលរដ្ឋចូលរួមជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការចូលរួមរៀបចំ​សំយ៉ាប​ផ្ទះ​ទៅ​តាមប្លង់គំរូរបស់រដ្ឋបាលខេត្ត ពិសេសផ្ទះប្រជាពលរដ្ឋតំបន់អភិរក្សផ្ទះបុរាណ ក្នុងគោលបំណងតែ​មួយ​គត់​គឺដើម្បីទាក់ទាញផលប្រយោជន៍មកនូវ ភ្ញៀវទេសចរមកទស្សនាកំសាន្ត បង្កើនចំណូលប្រជាព​លរ​ដ្ឋ។ ឯកឧត្តមបានបន្តទៀតថា ពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់ ឯកឧត្តម សុខ លូ បានធ្វើការ​ណែ​នាំដល់រដ្ឋបាលក្រុងពិនិត្យមើល ដោះស្រាយសំណង់អាណាធិបតេយ្យ ដែលមាននៅក្នុងក្រុ​ង​បាត់ដំបង ដើម្បីធ្វើការរៀបចំប្រជាពលរដ្ឋដែលរស់នៅសំណង់អាណាធិបតេយ្យ​ទៅកន្លែ​ង​ផ្សេងដែល​មានការរៀបចំជូនពួកគាត់ឱ្យមានរបៀបរៀបរយ បើពុំដូចនោះទេ ក្រុងបាត់ដំបង នឹងក្លាយជាទីក្រុង​សំបូរ​​ទៅសំណង់​អាណាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ពេញទីក្រុង ។

ឯកឧត្តមបានបន្តទៀតថា ចំពោះការរៀបចំសំយ៉ាបផ្ទះ ការរៀបចំសណ្ដាប់ធ្នាប់នេះ ឯកឧត្តមក៏បា​នធ្វើ​ការ​ណែនាំបន្តដល់រដ្ឋបាលក្រុងក្នុងការរៀបចំមន្រ្ដីជំនាញដែលយល់ដឹងច្បាស់ ធ្វើកា​រ​ផ្សព្វ​ផ្សាយ​ជូន​ប្រជាពលរដ្ឋ តាមរយៈការធ្វើសិក្ខាសាលាផ្សព្វផ្សាយ ផ្សព្វផ្សាយតាមខ្នងផ្ទះ អំពីគោលបំណង​នៃកា​រ​រៀបចំសណ្ដប់ធ្នាប់ និងសំយ៉ាបផ្ទះនេះ ដើម្បីឱ្យគាត់ចូលរួមទាំងអស់គ្នា ហើយយើងធ្វើគឺស្មើភាពគ្នា ដោយមិនត្រូវលើកលែងផ្ទះណាមួយត្រូវធ្វើឱ្យស្មើភាពគ្នាតាមស្ដង់ដារដែលបានកំណត់ទាំងអស់គ្នា ។

ឯកឧត្តមបានបន្តទៀតថា នៅថ្ងៃអនាគតរដ្ឋបាលខេត្តនឹងបន្តសាងសង់ និងជួសជុលក្រាលកៅ​ស៊ូបន្ថែ​​មទៀត ប៉ុន្តែត្រូវរង់ចាំដំណើរការសាងសង់លូរំដោះទឹកកខ្វក់ ដែលជាគម្រោងរបស់​ADB​ឱ្យហើ​យរួ​ចរាល់សិន ទើបយើងអាចបន្តការសាងសង់ ជួសជុលការក្រាលកៅស៊ូជាបន្តបន្ទាប់ ព្រោះបើមិនដូច្នេះ​ទេ កាលណាដែលយើងជួសជុលរួចហើយ ហើយចាប់ផ្ដើមធ្វើលូតាមក្រោយទៀត វាធ្វើឱ្យកាន់តែខាត​ពេ​លវេលា និងថវិកាកាន់តែច្រើន ដូច្នេះឯកឧត្តមសំណូមពរដល់ប្រជាពលរដ្ឋឱ្យ​មានការអត់​ធ្មត់​ដោយ​ស៊ូអត់ធ្មត់ហើយបានសមិទ្ធផលថ្មី ចំណាយពេលតែមួយដង ក៏គ្រាន់បើជាងចំណាយពេ​ល​ដល់​ទៅ​២ដង ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ