រដ្ឋបាលខេត្តកណ្ដាល ប្រារព្ធពិធីផ្ទេរប្រគល់-ទទួល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ២២អដ្ឋិធាតុ ទៅប្រទេសកំណើតវិញ
July 16, 2022 អ្នកទស្សនា :

ខេត្តកណ្តាល៖ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ២២អដ្ឋិធាតុដែលរុករកឃើញ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវបានធ្វើពិធីប្រគល់ និងទទួល ក្នុងជំហានទី២១ រដូវប្រាំង ឆ្នាំ២០២១-២០២២ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ឧត្តមសេនីយ៍ត្រី ហូ មិញភឿង ស្នងការរងនយោបាយ និងជាអនុប្រធានគណៈចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ណុប ដារ៉ា  បានមានប្រសាសន៍ថា ការចូលរួមស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមនេះ គឺជាការងារមនុស្សធម៌ដ៏ល្អ និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផងដែរ ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាម លើទឹកដីកម្ពុជា។

ឯកឧត្តម ក៏បានជំរុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ  ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត ត្រូវបន្តខិតខំសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួល ដល់ដំណើរការស្វែងរុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅទឹកដីខេត្តកណ្តាល ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ។

ក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហូ មិញភឿង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខេត្តកណ្តាល ដែលបានសហការល្អជាមួយ ក្រុមការងារអង្គភាព K90 របស់វៀតណាម ក្នុងការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុ កងទ័ពវៀតណាម ដោយទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម ឧត្ដមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុខេត្តកណ្ដាល បានឱ្យដឹងថា ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ក្នុងជំហានទី២១ រដូវប្រាំង ឆ្នាំ២០២១-២០២២ នៅក្នុងភូមិសាស្តខេត្តកណ្តាលបានចំនួន ១៣ចំណុច ក្នុងស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ដោយសម្រេចលទ្ធផល រកឃើញអដ្ឋិធាតុសរុបចំនួន ២២អដ្ឋិធាតុ។

ឯកឧត្តម ឧត្ដមសេនីយ៍ត្រី នៃ និយម បានបន្ថែមថា ក្នុងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត វៀតណាម គិតពីឆ្នាំ២០០២ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ (ពីជំហានទី១ ដល់ជំហានទី២១) ការជីកលើកអដ្ឋិធាតុនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល សរុបបាន ចំនួន ១២១០អដ្ឋិធាតុ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ