ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំ ស្ដីពីនីតិវិធី នៃការត្រួតពិនិត្យលើការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល នៅថ្នាក់ក្រោមជាតិ
July 16, 2022 អ្នកទស្សនា :

ខេត្តកណ្ដាល៖ នៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំ ស្ដីពីនីតិវិធី នៃការត្រួតពិនិត្យលើការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល នៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ហូត ស៊ីនាដ អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ដោយបានការចូលរួមពីបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំង១១ផងដែរ។

ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិកំពុងដើរលើមាគ៌ាជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការអភិវឌ្ឍប្រទេសជាតិដែលកាលពីអតីតកាលប្រទេសជាតិមួយនេះ ត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងសង្គ្រាម មកជាប្រទេសជាតិមួយដែលមានទំហំសេដ្ឋកិច្ចធំ៣ ដងធៀបនឹងឆ្នាំ១៩៩០ និងជាប្រទេសមានសន្តិភាពឯកភាពជាតិ អធិបតេយ្យភាព ស្ថេរភាពយោបាយសន្តិសុខ សណ្ដាប់ធ្នាប់សង្គមប្រជាពលរដ្ឋរស់នៅក្នុងជីវភាពល្អប្រសើរ ថ្លៃថ្នូរ និងស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសដទៃក្នុងឆាកអន្តរជាតិ ដែលការណ៍នេះ បានផ្ដល់កាលានុវត្តភាព ក្នុងការបន្តដំណើរអភិវឌ្ឍន៍ មុខឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន។

ឯកឧត្តមអភិបាលរង ខេត្តបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្ត បានអនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាសេនាធិការក្នុងការផ្ដួចផ្ដើមដាក់ចេញលិខិតបទដ្ឋានគតិយុទ្ធ ក្នុងការធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅលើប្រព័ន្ធអភិបាលកិច្ច របស់ស្ថាប័នរដ្ឋ។

នាឱកាសនោះ ឯកឧត្តម ហូត ស៊ីនាដ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ដោយអនុលោមទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោល ការណ៍វិមជ្ឈការ និងវិសហមជ្ឈការតម្រូវឱ្យមានការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធប្រព័ន្ធ និងនីតិវិធី អនុវត្តការងាររបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងនោះការៀបចំឡើងវិញនូវប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស គឺជាកិច្ចការដ៏មានសារៈសំខាន់ និងចាំបាច់មួយ។

ឯកឧត្តម បានបន្ថែមថា ក្នុងន័យនេះ ដើម្បីផ្ដល់នូវផែនទីបង្ហាញផ្លូវរយៈពេលវែង រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវឯកសារគោលនយោបាយ ស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានកំណត់នូវ គោលបំណង យុទ្ធសាស្ត្រនានា និងដំណាក់កាលជាក់លាក់សម្រាប់ការរៀបចំឡើងវិញ និងអនុវត្តនូវប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយភាពប្រាកដប្រជា លើកកម្ពស់ភាពជាម្ចាស់ គណនេយ្យភាព ឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងតម្រូវការអភិវឌ្ឍ ជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងស្របតាមដំណើរការនៃការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ