រដ្ឋបាលខេត្តតាកែវ រៀបចំធ្វើការដាំដុះ ក្នុងពិធីអបអរសាទរ រុក្ខទិវា ៩ កក្ដដា នៅឃុំលាយបូរ ស្រុកត្រាំកក់
July 15, 2022 អ្នកទស្សនា :

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកក្ដដា ឆ្នាំ២០២២ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង កងកម្លាំងទាំង៣ប្រភេទ លោក អភិបាល ក្រុង ស្រុក និងប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ បានអញ្ជើញចូលរួមអបអរសាទរទិវា រុក្ខទិវា ៩កក្ដដា ដែលបានរៀបចំធ្វើឡើងនៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

មានប្រសាសន៍នៅក្នុងពិធីដាំកូនឈើ នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានឱ្យដឹងថា ទិវាដាំដើមឈើជាប្រពៃណីជាតិ វប្បធម៌ដ៏ឧត្តុងឧត្តម កើតមានតាំងតែពីឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ច ដឹកនាំរបស់មហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ក្នុងគោលបំណងបំផុស ចលនាដាំដើមឈើ និងថែរក្សាសម្បត្តិព្រៃឈើ ជាពិសេសដើម្បីថែរក្សាការពារ និងបណ្ដុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ។

ឯកឧត្តម បានបន្ដថា ក្នុងទិសដៅបន្តវេន នូវទិវាដ៏ប្រពៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែកក្កដា ។ ប៉ុន្តែពិធីនេះបានអាក់ខានអស់រយៈពេល ២ឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារស្ថានភាព នៃការឆ្លងរីករាលជាសាកល នៃជំងឺកូវីដ-១៩។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ បន្តកិច្ចសហប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឱ្យបានជាអតិបរមា ព្រោះដើមឈើដែលដុះដាល រីកចម្រើនច្រើន វាជាពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឱ្យមានគម្របព្រៃឈើ ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន ជាចលករយ៉ាងសំខាន់ សម្រាប់កិច្ចសហការ ក្នុងការអភិវឌ្ឍន៍វិស័យព្រៃឈើ ។ នៅតាមវត្តអារាម សាលារៀន សួនច្បារមានដើមឈើច្រើននោះ វានឹងធ្វើឱ្យក្លាយ ទៅជារមណីយដ្ឋាន ក្លាយជាតំបន់ទេសចរណ៍ និងសាលារៀនមានទីធ្លាប្រកប ដោយម្លប់ឈើត្រឈឹងត្រឈៃ ជាទីមនោរម្យសម្រាប់ សិស្សានុសិស្ស សម្រាករៀនសូត្រ និងលេងកំសាន្តផងដែរ។

បើតាមការឱ្យដឹងពីលោក ស៊ឹម ឡាបុ័ង នាយកខណ្ឌរដ្ឋបាលព្រៃឈើតាកែវ ឆ្នាំ២០២២នេះ ខណ្ឌរដ្ឋបាលព្រៃឈើ  បានរៀបចំកូនឈើទាល ចំនួន ៥៥៦ដើម សម្រាប់ដាំនៅលើផ្ទៃដីទំហំ ២,៦៦ហិកតា ជាពិសេសរៀបចំប្រភេទកូនឈើចម្រុះ ដូចជា៖ ឈើទាល ក្រញូង គគីរ អាកាស្យា ក្ងោក ស្ដៅ និងខ្នុរ ចំនួន ៤០០០ដើម សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ និងអស់លោក លោកស្រី ដែលបានចូលរួមក្នុងពិធីនោះដែរ ដើម្បីយកទៅធ្វើការដាំដុះ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

 

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ