ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង
July 14, 2022 អ្នកទស្សនា :

ពោធិ៍សាត់ ៖ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកជំនន់ ចាប់ពីកោះសំពៅមាស រហូតដល់ឃុំស្យា ស្រុកកណ្តៀង ដើម្បីមានវិធានការទប់ស្តាត់ ប្រសិនបើទឹកនៅតែបន្តជន់ទៀតនោះ។

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង ០២រសៀលនេះ មានកម្ពស់ ៤.៩៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ០៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ៤.៣៣ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ១.៨០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ០៩ម៉ែត្រ)។ ចំពោះស្ថានភាពទឹកតាមដងស្ទឹងពោធិ៍សាត់ នៅស្រុកភ្នំក្រវាញ ទឹកបានរក្សាកម្ពស់លំនឹងគឺ ៤.៣៣ម៉ែត្រ និងនៅក្រុងពោធិ៍សាត់ ទឹកចាប់ផ្តើមឡើងជាបន្តបន្ទាប់ កម្ពស់បច្ចុប្បន្ន ៤.៩៨ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្នគឺ ០៥ម៉ែត្រ។

ទោះបីជាយ៉ាងណាក្តី មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ក៏បានចេញសេចក្តីជូនដំណឹង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះថា ការតាមដានអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម កន្លងមក ឃើញថា ព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងទទួលឥទ្ធិពលជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៥ ដល់១៩ ខែ កក្កដា ឆ្នាំ២០២២ ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតពីខ្សោយទៅមធ្យម។ តាមស្ថានភាពអាកាសធាតុនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។

យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹង ដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជន្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕

ប្រភព៖ ខេត្តពោធិ៍សាត់

 

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ