ថ្នាក់ដឹកនាំខេត្តកណ្ដាល នាំយកនូវទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ មកប្រគេនដល់ព្រះសង្ឃ ដែលនឹងគង់ចាំព្រះវស្សា ក្នុងវត្តប្រជុំនទី ស្ថិតនៅក្រុងតាខ្មៅ
July 14, 2022 អ្នកទស្សនា :

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត សមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល  កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បាននាំយកនូវទៀនវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យកសាងមួយចំនួន ដែលជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មកប្រគេនដល់ព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សា នៅវត្តប្រជុំនទី ហៅក្រពើហា ស្ថិតនៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

បន្ទាប់ពីបូជាទៀន ធូប ផ្កាភ្ញី ចំពោះព្រះពុទ្ធរូប និងធ្វើពិធីតាមទំនៀមទម្លាប់តាមប្រពៃណីព្រះពុទ្ធសាសនា រួចមក ថ្លែងទៅកាន់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូសុខទុក្ខ និងតែងព្រួយបារម្ភជានិច្ច ចំពោះប្រជាពលរដ្ឋគ្រប់រូបខាងផ្នែកអាណាចក្រ ក៏ដូចជាព្រះសង្ឃគ្រប់អង្គខាងផ្នែកពុទ្ធចក្រផងដែរ។

ឯកឧត្តម បានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សាគឺ ជាបុណ្យដែលមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលព្រះសង្ឃត្រូវចូលវស្សាតាមពុទ្ធានុញ្ញាត រយៈពេល ៣ខែជារៀងរាល់ឆ្នាំ ហើយក្នុងអំឡុងពេលចូលវស្សាព្រះសង្ឃ គឺពុំអាចនិមន្ត ចេញពីវត្ត និងបិណ្ឌបាតដូចធម្មតាបានឡើយ ព្រោះជារដូវដែលមានភ្លៀងធ្លាក់ជោគជាំខ្លាំង ហើយក៏ជាពេលវេលាមួយសម្រាប់ព្រះសង្ឃត្រូវសិក្សារៀនសូត្រធម៌វិន័យ ដូច្នេះពុទ្ធបរិស័ទមានតួនាទីសំខាន់ណាស់ ក្នុងការទំនប់បម្រុងចង្ហាន់ សម្ភារៈប្រើប្រាស់ ស្បង់ជីវ និងភេសជ្ជៈ ជាដើម សម្រាប់ប្រគេនព្រះសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

ឯកឧត្តម បានបញ្ជាក់ថា សាសនាបានរួមចំណែក និងដើរតួនាទីដ៏មានសារ:សំខាន់ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍរវាងវិស័យអាណាចក្រ និងពុទ្ធចក្រ ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍ  ជាក់ស្តែងការប្រារព្ធពិធីនាពេលនេះបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍន៍ទាំងផ្នែកអណាចក្រ និងផ្នែកពុទ្ធចក្រ គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា មានតែសន្តិភាពទេ ទើបធ្វើឱ្យព្រះពុទ្ធសាសនា មានការរីកចម្រើនលូតលាស់ និងធានាបាននូវអរិយធម៌ និងវប្បធម៌រុងរឿងគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍។

សូមបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនរួមមាន៖  អង្ករចំនួន ២តោន, មី ២០កេស, ត្រីខកំប៉ុង ៥០យួរ, ទឹកសុទ្ធ ២០កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ម៉ាស ១កេស, ជែលលាងដៃ ២០កេស និងបច្ច័យមួយចំនួន ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ