ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រ​ធា​ន​បទដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌
July 13, 2022 អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត​បាត់​ដំបងនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ឯកឧត្តម អ៊ុយ រី ប្រធានក្រុម​ប្រឹក្សា​ខេត្ត បានអញ្ជើញចូលរួម ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២២ ក្រោមប្រ​ធា​ន​បទ ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រ​ឆាំងគ្រឿ​​ង​ញៀន នៅឯបរិវេណ អាកាសយានដ្ឋានវាលបែកចាន ក្រុងបាត់ដំបង ដោយពិធីនេះរៀបចំ​ឡើង​ដោយ​មានកា​រ​អញ្ជើញ​ចូលរួមដោយរដ្ឋបាលខេត្ត៣គឺខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់ ។

ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងតំណាងសាលាដំបូង និង​អយ្យការអមសាលាដំបូងខេត្តទាំង៣ ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង បានមានប្រ​សា​​សន៍ថា ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦ មិថុនា ២០២២នេះក៏ត្រូវបានសម្រេច​ធ្វើការដុតកំទេចចោលនូវគ្រឿងញៀនទម្ងន់សរុប១០,៩៤៦.៦៥ក្រាម ដែលជាវត្ថុតាងបានរឹបអូ​ស​ពី​ក្រុម​ឈ្មួញទុច្ចរិត តាមអំណាចសាលក្រមស្ថាពររបស់សាលាដំបូងនៃខេត្តទាំង៣នោះចំពោះមុខមហា​ជនកងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព នៅឯទីតាំងប្រារព្ធពិធី​ផ្ទាល់តែ​ម្ដង ។

ឯកឧត្តម ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ លើកអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុ​ទ្ធប្រឆាំងគ្រឿងញៀន ។ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ  បានបញ្ជាក់ថា នៅក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំង​លើផ្នែកព្យាបាលស្តារនីតិសម្បទា ការងារផ្សព្វផ្សាយអប់រំ និងការងារអនុវត្តច្បាប់ ដោយបានចាត់វិធាន​ការតាម​គ្រប់មធ្យោ​បាយនិងលទ្ធភាព ទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលានូ​វរាល់ការប៉ុ​​ន​ប៉ង ផលិត កែច្នៃ រក្សាទុក ជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់ ទាំងមកពីខាងក្រៅនិងនៅផ្ទៃក្នុងប្រទេស ហើ​យ​ក្រុមឧក្រិដ្ឋជននិងជនល្មើសជាច្រើននាក់ដោយរួមទាំង មេក្លោងធំៗ និងបណ្តាញជួញដូរគ្រឿងញៀ​ន​ទាំង​ក្នុងស្រុក និងឆ្លងដែនមួយចំនួនត្រូវបានចាប់ខ្លួន និងយកមកផ្តន្ទាទោសទៅតាមច្បាប់ ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិកា​រត្រួ​ត​ពិនិត្យ​គ្រឿង​​ញៀនខេត្ត បានមានប្រសាសន៍ ធ្វើការជំរុញការណែនាំបន្ថែមដល់អាជ្ញាធរក្រុង ស្រុក ពិ​សេ​ស​សម​ត្ថកិ​ច្ច​ពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាយកចិត្តទុកដាក់ទៅលើកិច្ចការបង្រ្កា​បគ្រឿងញៀនឲ្យ​មាន​ប្រសិទ្ធិភាព  ដោយចាត់ទុកការបង្រ្កាបគ្រឿងញៀនជារឿងអាទិភាព ដោយត្រូវធ្វើយ៉ាងណាកុំឲ្យ​ពួក​​ជួ​ញដូរនិងចែកចាយគ្រឿងញៀនរួចទោសបានឲ្យសោះ។

ឯកឧត្តម បានបន្ត ក្នុងន័យព្រមានដល់មន្ត្រីពន្ធនាគារ និងមជ្ឈមណ្ឌលបន្សាបសារធាតុគ្រឿងញៀន ហាម​មិនឲ្យមានការជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារ និងមជ្ឈមណ្ឌលបន្សាបសារធាតុគ្រឿង​ញៀន​ជា​ដា​ច់ខាត បើមានគ្រឿងញៀននៅក្នុងនោះហើយគឺជាគ្រោះថ្នាក់ធំ​ណាស់សម្រាប់សង្គមជាតិយើង ដែលបញ្ហានេះនៅខេត្តបាត់ដំបង មិនមានទេ តែយ៉ាងណាដាច់ខាតមិនត្រូវឲ្យមានករណីនេះឡើយ បើ​មាននឹងត្រូវមានវិធានការអនុវត្តតាមផ្លូវច្បាប់ ដោយមានការលើកលែងឡើយ ។

ឯកឧត្តម បាន​បញ្ជាក់ថាការប្រើប្រាស់ការចែកចាយគ្រឿងញៀននៅខេត្តបាត់ដំបង បើទោះបីជាមិនទាន់​ដល់​សញ្ញាមួយប្រកាស អាសន្នធ្ងន់ធ្ងរ តែបានមកដល់កន្លែងមួយដែលឲ្យយើងទាំងអស់គ្នា ត្រូវតែមាន​កា​រ​ប្រុង​ប្រយ័ត្នត្រៀមលក្ខណៈដើម្បីប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនក្នុងការកាត់បន្ថយការ​ប្រើ​ប្រា​ស់​គ្រឿងញៀនឲ្យមកនៅតិចបំផុត និងបំបាត់ឲ្យអស់នៅពេលអនាគត៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ