ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរង នៃរដ្ឋបាលស្រុកកៀនស្វាយ
July 13, 2022 អ្នកទស្សនា :

នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅសាលស្រុកកៀនស្វាយ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង និងនាយករដ្ឋបាល នៃរដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សូមបញ្ជាក់ថា លោក ឡូវ សុខសាន អភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ ត្រូវបានរាជរដ្ឋាភិបាលសម្រេច តែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ ជំនួស លោក អ៊ូ ឈាង ដែលដល់អាយុត្រូវចូលនិវត្តន៍ និងលោក សន ហុងសេង ត្រូវបានតែងតាំងជា អភិបាលរង នៃគណ:អភិបាលស្រុកកៀនស្វាយ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញដល់អភិបាលស្រុក អភិបាលរងស្រុក ដែលទើបតែងតាំងថ្មី ត្រូវធ្វើជាគំរូល្អ ដោយត្រូវភាពស្មោះត្រង់ មានការទទួលខុសត្រូវ ខិតខំបម្រើ ការពារ មន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ថែមពីនេះ ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំ ដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ដើម្បីស្នើសុំតែងតាំង ជាអភិបាល អភិបាលរង ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការ ដឹកនាំឱ្យស្រុកកៀនស្វាយ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ជាពិសេសកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកស្អាង ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ដោយបានជំរុញការអភិវឌ្ឍស្រុកកៀនស្វាយ ឱ្យសម្រេចបានសមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ