នាព្រឹកថ្ងៃព្រហស្បតិ៍ ០៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ នៅសាលប្រជុំព្រៃបាសាក់ "អគារ ខ" សាលាខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិ បាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងកែសម្រួលតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋាន នៃការ គិតពន្ធប្រថាប់ត្រា ដែលមានការចូលរួមពីបណ្តាលថ្នាក់ដឹក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនផងដែរ។
ឯកឧត្ដម ម៉ែន វិបុល មានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះគឺរៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពអំពី តម្លៃអចលនទ្រព្យទាំងអស់នៅក្នុងខេត្តស្វាយរៀងឡើងវិញ សម្រាប់ជាមូលដ្ឋាននៃការគិតពន្ធប្រថាប់ត្រាឲ្យស្រប ទៅនឹងស្ថានភាពនៃការប្រែប្រួល និងរីកចម្រើននៃសេដ្ឋកិច្ចរបស់ខេត្តនាពេលបច្ចុប្បន្ន ។
ឯកឧត្ដមអភិបាល ក៏បានស្នើដល់អង្គប្រជុំទាំងមូល ជាពិសេសតំណាងអាជ្ញាធរដែនដី និងអង្គភាពជំនាញដែល មានវត្តមាននៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវចូលរួមមតិយោបល់ឲ្យបានផុលផុសទៅលើសេចក្ដីព្រាងតម្លៃអចលន ទ្រព្យដែលសាខាពន្ធដារបានរៀបចំឡើង ដោយធ្វើការថ្លឹងថ្លែងផ្អែកលើស្ថានភាពជាក់ស្ដែងឲ្យបានគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាកំណត់តម្លៃមួយដែលអាចទទួលយកបានប្រកបដោយសនិទានភាព ឆ្លើយតបទៅនឹងផលប្រយោជន៍ សាធារណៈក្នុងការប្រមូលពន្ធផង និងផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ និងវិស័យឯកជន ដែលជាម្ចាស់ អចលនទ្រព្យផង ។ ក្រោមបញ្ចប់កិច្ចប្រជុំ ឯកឧត្ដមអភិបាលខេត្ត បានប្រគល់ភារកិច្ចជូនសាខាពន្ធដារខេត្ត ធ្វើការកែសម្រួលតម្លៃអចលទ្រព្យក្នុងខេត្ត ដើម្បីរៀបចំផ្ញើជូនក្រសួង ស្ថាប័នជំនាញឲ្យបានទាន់ពេលវេលា ៕