រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាស ទី៤ ឆ្នាំ២០១៨
September 26, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ០២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅ សាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារ ត្រីមាសទី៤ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលរង នៃគណៈអភិ បាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមអភិបាលរង ខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ឯកឧត្ដម សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយ រៀង លោកតំណាងប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិសឹករង ស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធាន មន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ ប្រធានអង្គភាព ចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។ នៅក្នុងកិច្ចប្រជុំនេះ ក្រៅពីការពិភាក្សា លើរបាយការណ៍របស់រដ្ឋបាលខេត្ត ក៏មានការពិនិត្យ និងកែសម្រួលរបាយការណ៍ប្រចាំត្រីមាសទី៣ និងទិសដៅ ការងារត្រីមាសទី៤ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងដែរ ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងតំណាងអង្គភាពចារកិច្ច ក្រសួងការពារជាតិ ។

មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដមអភិបាលរងខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំង អស់ ដែលនៅក្នុងត្រីមាសទី៣នេះ បានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន រួមចំណែកធ្វើឲ្យខេត្ត រក្សាបាននូវ ស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បានល្អប្រសើរ ជាពិសេសនៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការការពារដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ឲ្យប្រព្រឹត្តទៅបានរលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា ទាំងក្នុងដំណាក់កាលឃោសនាបោះឆ្នោត ពេលបោះឆ្នោត ពេលរាប់សន្លឹក ឆ្នោត ពេលដឹកជញ្ជូនសន្លឹកឆ្នោត និងពេលប្រកាសលទ្ធផលបោះឆ្នោត ព្រមទាំងបានចូលរួមជាមួយ រដ្ឋបាលខេត្ត នៅក្នុងការដោះសា្រយបញ្ហាប្រឈម សំណើ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ជាពិសេស នៅក្នុងការអន្តរាគមន៍ជួយដោះស្រាយចំពោះករណីប្រជាពលរដ្ឋទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងការ សហការយ៉ាងសស្រាក់សស្រាំចុះទប់ទំនប់ការពារទឹកបុកច្រាំងផ្លូវនៅឃុំសំយ៉ោង ស្រុកកំពង់រោទិ៍បានដោយ ជោគជ័យ។

ជាមួយនេះ តាងនាមឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដមអភិបាលរងខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់ដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរ និងរួមចំណែកឲ្យបានកាន់តែសកកម្មថែមទៀតជាមួយរដ្ឋបាលខេត្ត ក្នុងចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលឲ្យទទួលបានលទ្ធផលជោគជ័យ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ពិតប្រាកដរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋាន ដោយចៀសវាងឲ្យបាននូវរាល់សកម្មភាពទាំងឡាយ ណាដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ ជីវភាពរស់នៅ និងធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ដោយឡែក នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ គ្រប់សមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវមានវិធានការការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ