តាកែវ៖ នៅមណ្ឌលឧក្រិដ្ឋកម្មក្រាំងតាចាន់ ស្ថិតក្នុងឃុំគុស ស្រុកត្រាំកក់ នាព្រឹកថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមរៀបចំពិធីបង្សុកូល ឧទ្ទិសកុសលគោរពជូនដល់ដួងវិញ្ញាណក្ខន្ធវិរៈយុទ្ធជន វិរៈយុទ្ធនារី នាឱកាសប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាការរំលឹកនូវគុណូបការៈ របស់ឥស្សរជនស្នេហាជាតិ ដោយបានពលី បូជាអាយុជីវិត រំដោះប្រទេសជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ខ្មៅងងឹត យង់ឃ្នង ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
មានប្រសាសន៍នៅក្នុងអង្គពិធីនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានឱ្យដឹងថា ថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជាយើង នៅតែចងចាំទុក មិនអាចបំភ្លេចបានឡើយ នូវសម័យកាលខ្មៅងងឹត យង់ឃ្នង ដូចជាឋាននរក ដែលបានកើតឡើង នៅលើទឹកដី នៃមាតុភូមិកម្ពុជា នោះគឺរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័ពូជសាសន៍។
ឯកឧត្តម បានបន្ថែមថា ការជួបជុំគ្នារបស់យើងនៅទីនេះ គឺដើម្បីរម្លឹកនូវគុណូបការៈ របស់បញ្ញវ័ន្ត អ្នកស្នេហាជាតិ និងប្រារព្ធពិធីបង្សុកូល ឧទ្ទិសមហាកុសល ជូនដល់ដួងវិញ្ញាណរបស់ លោកអ្នកទាំងនោះ នៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស។ សូមដួងវិញ្ញាណក្ខន្ធទាំងអស់ អនុមោទនាទទួលយក និងសូមបានចាប់បដិសន្ឋិនៅក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភទ៖ រដ្ឋបាលខេត្តតាកែវ