រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែងថ្មី  
May 18, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្ត ព្រមទាំង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំំងលោក លោកស្រី ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។ 

ពិធីនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រតិភូអមដំណើរ នៃក្រសួងរ៉ែ និងថាមពល អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង កងកម្លាំងទាំងបីប្រភេទ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាល អភិបាលរងក្រុង-ស្រុក និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ រតនៈគិរី និងមណ្ឌលគិរី ព្រមទាំងមន្ត្រីរាជការចូលរួមយ៉ាងច្រើនកុះករផងដែរ។ 

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងថា ការប្រកាសតែងតាំងប្រធានមន្ទីររ៉ែ និងថាមពលនាឱកាសនេះ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន និងទាន់ពេល។

ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា ដើម្បីសម្រេចភារកិច្ចឲ្យបានល្អ មន្ទីរត្រូវខិតខំលើកផែនការការងារឲ្យបានច្បាស់លាស់ និងចំគោលដៅ ដើម្បីអនុវត្តន៍ដោយរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដីខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។ ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិតជារួមគ្នាសម្រេចរាល់កិច្ចការ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនឱ្យអនុវត្តន៍ បានជាក់ស្ដែងនូវការកែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ដែលមានអភិបាលកិច្ចល្អជាស្នូល ដោយអនុវត្តន៍តាមពាក្យស្លោក «បម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង គឺដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងវិបុលភាពប្រទេសជាតិ»។

លោកស្រី ញ៉ែម សុម៉ាលី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែងថ្មី ដែលទើបប្រកាសតែងតាំង យោងតាមប្រកាសលេខ០០៧៦ រថ.បល.ប្រក របស់ក្រសួងរ៉ែ និងថាមពល បានប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល គោរព និងខិតខំអនុវត្តន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅមតិណែនាំរបស់ក្រសួង និងរដ្ឋបាលខេត្ត ក៏ដូចជាទិសដៅរបស់ក្រសួងនានាដែលពាក់ព័ន្ធ, បន្តនិរន្តភាពការងារក្នុងមន្ទីរលើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស ពេលវេលា ជូនដល់ប្រជាពលរដ្ឋ និងថែទាំសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកម្លាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ