លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាលជាមួយម្ចាស់សៃឡូទាំង ១០ទីតាំង នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន
May 12, 2022 អ្នកទស្សនា :

នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបសំណេះសំណាលជាមួយម្ចាស់សៃឡូទាំង ១០ទីតាំង នៅក្នុងស្រុកសាលាក្រៅ ដើម្បីស្តាប់ពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ក្នុងគោលបំណងស្វែងរកដំណោះស្រាយទីផ្សារកសិផល អោយបានកាន់តែល្អប្រសើរ ដែលកត្តា ជំរុញ សេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត គឺធ្វើយ៉ាងណាចង់ឲ្យទីផ្សារកសិផលរបស់ប្រជាកសិករ កាន់តែមានភាពល្អប្រសើរឡើង ធ្វើអោយពលរដ្ឋមានជីវភាពធូរធា ដូច្នេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរកទីផ្សារកសិផលជូនប្រជាពលរដ្ឋ ដោយខិតខំរកដៃគូវិនិយោគលើផ្នែកកសិកម្ម ព្រមទាំងលើកកម្ពស់ទីផ្សារកសិកម្មឲ្យកាន់តែសម្បូរបែប ដែលនេះជាឱកាសមួយដែលអាចជួយឲ្យប្រជាកសិករ មានភាពងាយស្រួលក្នុងការទិញ-លក់ ដោយមានទីផ្សារស្ថិតស្ថេរ និងច្បាស់លាស់ផងដែរ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញទៅ ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផលខ្មែរ និងផ្តល់ជំនាញនានាដល់ផលិតករលើដំណើរការខ្សែសង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការវេចខ្ចប់ជាដើម ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសត្រូវរៀបចំចងក្រងផលិតផលក្នុងស្រុក ដែលមានសក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយ បញ្ចូលជាភូមិមួយ ផលិតផលមួយ ដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការងារជួយដល់ផលិតផលក្នុងស្រុកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធទាំងនោះ និងកៀរគរការវិនិយោគនានាលើផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ សម្រាប់ឆ្នាំ២០១៦ដល់២០២៦។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជំរុញដល់ស្ថាប័នជំនាញពាក់ព័ន្ធ  ជាពិសេសមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ទីរកសិកម្មខេត្ត ត្រូវខិតខំរកដំណោះស្រាយបញ្ហាទីផ្សារកសិផលជូនប្រជាកសិករ និងបញ្ហាផលប៉ះពាល់បរិស្ថានតាមសៃឡូដូចជា ជះក្លិនមិនល្អ និងបង្ហូរទឹកកខ្វក់ចូលទៅក្នុង អូរ បឹងបួរ បង្កជាផលប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ជាពិសេសមន្ត្រីជំនាញត្រូវពិនិត្យមើលជញ្ជីងថ្លឹងកសិផល នៅតាមទីតាំងទិញ-លក់ កសិផលអោយមានភាពសុក្រឹតត្រឹមត្រូវ ជាសវាងការកេញចំណេញដោយប្រការណាមួយ ដែលធ្វើអោយបាត់បង់ទំនុកចិត្ត និងប៉ះពាល់ដល់ជីវភាពរបស់កសិករ។

ក្នុងឱកាសនោះផងដែរ ម្ចាស់សៃឡូទំាង ១០ទីតាំង នៅស្រុកសាលាក្រៅ បានឧបត្ថម្ភនូវថវិកាចំនួន ៧.៥០០.០០០រៀល អង្ករ ៤តោន និងទឹកសុទ្ធវីតាល់ដបធំចំនួន ៨០កេស ផងដែរ ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្តលើវិស័យមនុស្សធម៌៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ