រដ្ឋបាលខេត្តមណ្ឌលគិរី សហការរៀបចំសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដល់មន្ត្រីតុលាការ កងកម្លាំង និងអង្គភាពពាក់ព័ន្ធ នៅខេត្តមណ្ឌលគិរី
May 11, 2022 អ្នកទស្សនា :

មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយ ច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និង ធនធានធម្មជាតិ រយ:ពេល២ថ្ងៃ ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ គណ:ប្រតិភូតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចៅក្រម ព្រះរាជអាជ្ញាសាលាដំបូងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង ៥ និងមន្ត្រីឧទ្យានុរក្សជាច្រើនរូប ដែលសិក្ខាសាលានេះធ្វើឡើងនៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។

ឯកឧត្តម ផៃ ប៊ុនឈឿន មានប្រសាសន៍ថា ក្រោមការផ្ដួចផ្ដើមគំនិតរបស់ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបចំឲ្យមានសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យាននុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ក្នុងគោលបំណងអនុវត្តគោលនយោបាយ គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព  ការការពារធនធានធម្មជាតិ និងអភិរក្សយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ជាតិ និង កូនចៅជំនាន់ក្រោយ។

សិក្ខាសាលានេះ ក៏នឹងជួយពង្រឹងឲ្យប្រសើរឡើងថែមទៀត ដល់ការយល់ដឹងទូលំទូលាយពីការអនុវត្តច្បាប់ដែលបានអនុវត្តចំពោះតំបន់ការពារធនធានធម្មជាតិ ដែលជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់ភាគីដែលពាក់ព័ន្ធ បន្ថែមការយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពដែលត្រូវហាមឃាត់ និងសកម្មភាពបំលែងធនធានធម្មជាតិទៅជាទ្រព្យសម្បត្តិឯកជនគ្រប់រូបភាព។

ឯកឧត្តមបានបញ្ជាក់ថា មន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ ដែលពាក់ព័ន្ធទៅនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ គឺជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមសហការ ការពារតំបន់ការពារធនធានធម្មជាតិ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ឋ ហើយក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តមណ្ឌលគិរី នឹងបន្តយកចិត្តទុកដាក់ខ្ពស់ គាំទ្រ ការពារទ្រព្យសម្បត្តិរដ្ឋអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធនធានធម្មជាតិប្រកបដោយចីរភាព។

លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ខេត្តមណ្ឌលគិរី គឺជាការរួមចំណែកក្នុងការពង្រឹងសមត្ថភាព ចំណេះដឹងដល់ភាគីពាក់ព័ន្ធ ជាពិសេសមន្ត្រីអនុវត្តច្បាប់ រួមទាំងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឱ្យយល់ដឹងកាន់តែច្បាស់ថែមទៀត ពីច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ។ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ដែលធានាបាននូវការការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិឲ្យបានគង់វង្សសំរាប់ក្មេងជំនាន់ក្រោយ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ