អភិបាលខេត្តក្រចេះ​ ចុះជួបសំណេះសំណាលជាមួយបងប្អូនរងគ្រោះដោយគ្រោះទឹកជំនន់ចំនួន ៧៦០ គ្រួសារ
September 24, 2018 អ្នកទស្សនា :

រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ​ ក្រោមការដឹកនាំដោយ ឯកឧត្តម បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក អនុប្រធានប្រចាំការ និងជាប្រធានប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ  ព្រមទាំងអាជ្ញាធរស្រុក ឃុំ បានចុះជួបបងប្អូនប្រជាពលរដ្ឋចំនួន ៧៦០ គ្រួសារ ក្នុងស្រុកចំនួន២ គឺស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី ដែលទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយទឹកជំនន់ ដោយក្នុងមួយគ្រួសារ ទទួលបានអំណោយ​អង្ករ ២៥គីឡូក្រាម តង់១ មី១កេះ និងមុង១។

នៅក្នុងពិធីជួបសំណេះសំណាល ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា បញ្ហាទឹកជំនន់ បានបង្ករឲ្យវិស័យមួយចំនួន ទទួលរងផលប៉ះពាល់ ជាពិសេសវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងក្រុង​ ស្រុក​ ឃុំសង្កាត់​ ត្រូវបានខូចខាត។

បន្ថែមលើសពីនេះ​ ឯកឧត្តម ទេសរដ្ឋមន្រ្តីបានមានប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខ និងការចូលរួមចំណែករំលែកទុក្ខលំបាកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ចំពោះទុក្ខលំបាកដែលកើតឡើងមកលើបងប្អូនប្រជាពលរដ្ឋ ពីគ្រោះមហ្តរាយនានា ជាពិសេសគ្រោះទឹកជំនន់​ ដែលបានបំផ្លាញមកលើផល ដំណាំក្នុង ជីវភាពប្រចាំថ្ងៃ​ ក៏ដូចជាសុខភាពរបស់បងប្អូនផងដែរ។ ឯកឧត្តមបន្តថា​ រាជរដ្ឋាភិបាល បានខិតខំដោះស្រាយ និងស្វែងរកដៃគូរជំនួយ ក្នុងការជួយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាក់ស្តែងគឺ មានការគាំទ្រសហការពីអង្គការ ការីតាស ប្រចាំកម្ពុជា ដែលអង្គការបានឧបត្ថម្ភគាំទ្រមកលើកម្ពុជាក្នុង​ វិស័យអប់រំ វិស័យកសិកម្ម និងការងារគ្រប់ គ្រងឆ្លើយតបគ្រោះមហន្តរាយនានាជាដើម ។ ឯកឧត្តមគូសបញ្ជាក់ថា មិនមែនតែប្រទេសកម្ពុជាយើងទេ ដែលជាអ្នក ទទួលរងនូវគ្រោះមហន្តរាយពីធម្មជាតិនោះ គឺប្រទេសដទៃទៀតក៏ជួបទទួលរងនូវបញ្ហាគ្រោះមហន្តរាយពីធម្មជាតិដែរ ហើយដើម្បីទប់ស្កាត់ទៅនឹងបញ្ហាគ្រោះទឹកជំនន់នេះ រាជរដ្ឋាភិបាល រួមនិងអង្គការដៃគូរ បានផ្តល់នូវសម្ភារៈមធ្យោបាយ ចុះអន្តរាគមន៍ជួយសង្គ្រោះ ជំលៀស និងបានផ្តល់ស្បៀងឧបភោគបរិភោគ ថ្នាំឱសថ និងវ៉ាកសាំងបង្ការ បានទាន់ពេលវេលាផងដែរ។  ជាពិសេសរាជរដ្ឋាភិបាល និងអង្គការដៃគូរ ក៏បានត្រៀមផ្តល់នូវគ្រាប់ស្រូវពូជ រួមនិងពូជបន្លែជាច្រើនប្រភេទ ដើម្បីផ្តល់ជូនក្នុងរយះពេលឆាប់ៗខាងមុខនេះ ឲ្យទាន់ទៅនឹងស្ថានភាពទឹក ក៏ដូចជាស្ថានភាពរដូវដែលបងប្អូនប្រជាកសិករត្រូវបង្ករបង្កើនផលផងដែរ។

​ជាចុងបញ្ចប់​ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឲ្យបងប្អូនត្រូវធ្វើការបោសសម្អាតផ្ទះសម្បែងអោយបានជាប់ជាប្រចាំក្រោយពេលទឹកជំនន់ស្រកដើម្បីការពារសត្វល្អិតចង្រៃនានា​ និងត្រូវរស់នៅប្រកបដោយអនាម័យ ហើយត្រូវខិតខំប្រកប របរកសិកម្មឲ្យទាន់រដូវ ដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ