រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតគណ:បញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តមណ្ឌលគិរី ២០២២-២០២៤
May 10, 2022 អ្នកទស្សនា :

មណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតគណ:បញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តមណ្ឌលគិរី (គ.ស.អ.ខ)ចាប់ពីឆ្នាំ២០២២-២០២៤ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក លោកស្រីអភិបាលរងខេត្ត ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត និង អភិបាល អភិបាលរងក្រុង ស្រុកទាំង៥ ចូលរួមតាមប្រព័ន្ធអនឡាញ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយស្តីការបង្កើតគណ:បញ្ជាការឯកភាពសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តមណ្ឌលគិរី (គ.ស.អ.ខ) ចាប់ពី ២០២២-២០២៤ គឺដើម្បីធានាអោយដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហឹង្សា ព្រមទាំងធានាបាននូវលទ្ធផលនៃការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវយុត្តិធម៌ តម្លាភាព ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ទោះបីជាការបោះឆ្នោតកន្លងមក មិនមានបញ្ហាសន្តិសុខធន់ធ្ងន់គួរឲ្យកត់សម្គាល់ក្ដី ក៏សូមឲ្យកងកម្លាំងដែលរក្សាសន្តិសុខតាមមណ្ឌលបោះឆ្នោត ពង្រឹងវិន័យ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោតនីមួយៗ។ ម្យ៉ាងទៀតកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត និងឃុំ-សង្កាត់ ដើម្បីចែករំលែកព័ត៌មាន រួមគ្នាដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា ធានាអោយការបោះឆ្នោតប្រព្រឹត្តទៅជាប្រក្រតី។

លោក គិន ជាន ប្រធានគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈអភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ គាំទ្រដល់ និងធានាឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។ លោកក៏បានសំណូមពរដល់អង្គប្រជុំជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមិនមានអត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណខូច បាត់ ឬ ផុតសុពលភាព ត្រូវទៅធ្វើលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណសម្រាប់ការបោះឆ្នោតនៅសាលាឃុំ សង្កាត់ ដែលខ្លួនរស់នៅ ដើម្បីឲ្យពួកគាត់មានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ